ដោយ : ភ្នំធំ / បន្ទាយមានជ័យ :សម្រាប់ថ្ងៃទី១នៃរយ:កាលបុណ្យកឋិនទានចំនួន២៩ថ្ងៃ នាថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៥ និងទទួលអង្គកឋិនទានជាលើកដំបូងសម្រាប់វត្តគិរីធម្មបទ ខ្លាកូនដែលបាននឹងកំពុងស្តារកិត្តយសនិងជំនឿឡើងវិញបន្ទាប់ពីព្រះគ្រូចៅអធិការចាស់មានរឿងអាស្រូវ ត្រូវបរាជិកនិងត្រូវផ្សឹកដោយបង្ខំកាលពីជាង៣ខែមុន ។
ពិធីបុណ្យកឋិនទាននេះ មាននិមន្តជាអធិបតីភាពព្រះគ្រូសមណញាណណាប់ ម៉ឺន ព្រះបាល័ដ្ឋគណខេត្ត និងជាព្រះគ្រូចៅអធិការវត្តគិរីជុំចម្ការខ្នុរ និងប្រតិបត្តិដោយព្រះគ្រូធម្មញាណប៉ាត សុគន្ធ អនុគណក្រុងសិរីសោភ័ណនិងជាព្រះគ្រូសហចៅអធិការវត្តសមាធិផលហៅវត្តលោកយួននិងវត្គិរីតធម្មបទខ្លាកូនថ្មី ព្រមទាំងព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការវត្តនិងព្រះសង្ឃទាំង២០វត្តអាចារ្យ គណៈ:កម្មការនិងពុទ្ធចំណុះជើងវត្តទាំង២០កន្លែងក្នុងក្រុងព្រមទាំងសប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយរាប់ពាន់អង្គ / នាក់ ។
ជាពិសេសក្រុមអាជីវករនៅក្រុង សិរីសោភ័ណ និងម្ចាស់វេនទាំង ១៤ បានមូលមតិគ្នាជាឯកច្ឆន្ទ គឺផ្ដើមបុណ្យកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងវត្តគិរីធម្មបទ ខ្លាកូនថ្មី ស្ថិតនៅក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
ក្នុងកម្មវិធីបុណ្យមានពិធីក្រុងពាលី នមស្ការ ព្រះរតនត្រៃ ចម្រើនព្រះបរិត្តសម្ដែងព្រះធម៌ទេសនានៅរសៀលថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៥ ។
លុះដល់ថ្ងៃទី ៨ ខែឆ្នាំដដែល បានរៀបចំពិធីដង្ហែអង្គកឋិនទានសាមគ្គី ចេចេញពីវត្តសមាធិផលជាវត្តដែលព្រះអនុគណក្រុងគង់នៅ ឆ្ពោះទៅកាន់វត្ត គិរីធម្មបទ ខ្លាកូនថ្មី រួចប្រទក្សិណ បីជុំ និងធ្វើពិធីប្រគេនដល់ព្រះសង្ឃ ។
សូមបញ្ជាក់ថា កឋិនទានគឺជាបុណ្យប្រពៃណី ព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដកមហាវគ្គ ។ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ៥យ៉ាង។អ្នកធ្វើទទួលបានអានិសង្ស ៥យ៉ាង ។
ក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាពអាចទទួលបាន នូវបរិវាកឋិនរួមមានសម្ភារៈ ថវិកា សម្រាប់បម្រើដល់ការកសាងទីសេនាសនៈផ្សេងៗ មានដូចជា ព្រះវិហារ កុដិ ឧបដ្ឋានសាលា ការទំនុកបម្រុងវិស័យពុទ្ធិកសិក្សា ជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និងវិស័យ សង្គមកិច្ចជាដើម។
បុណ្យកឋិនទានប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចខាងក្រោម៖. ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម។.. ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចម្រើនរុងរឿងគង់វង្សយូរអង្វែង…. ។
ហើយបច្ច័យនិងទេយ្យទានប្រមូលបានតាម៣ប្រភព : ១- តាមរយ:ព្រះអង្គហ៊ុង ហឿន តំណាងវត្តនិងពុទ្ធបរិស័ទចំណុះជើងវត្តគិរីធម្មបទខ្លាកុនថ្មី អង្គាស ។២- តាមរយ:ព្រះអង្គធម្មញណប៉ាត សុគន្ធ តំណាងចៅអធិការវត្ត អាចារ្យ គណៈ:កម្មការ ពុទ្ធបរិស័ទទាំង២០វត្តនិង៣- តាមរយ: ព្រះអង្គអ៊ួង ច័ន្ទឧត្តម បានសរុបបច្ច័យ : ប្រាក់រៀលខ្មែរចំនួន ៣៣ ៦២៤ ៥០០៛ ននិងប្រាក់ដុល្លារសរអាចំនួន ៧១០US $ និង ត្រៃ៥១ ត្រៃ លៀង៣៦ ។
ក្នុងនោះត្រូវចំណាយលើប្រគេនព្រ:ភិក្ខសង្ឃនិងសាមណេរ១១អង្គ, ទឹកភ្លើង ចង្ហាន់និងអាហារចំនួន៩, ២លានរៀល។
និងសល់ពីនោះត្រូវយកទៅប្រើប្រាសលើការកសាងសមិទ្ធផលគរុភ័ណ្ឌក្នុងវត្តដែលកសាងថ្មីក្នុង៣ខែមកនេះ ក្រោមការគ្រប់គ្រងនិងស្តារឡើងវិញក្រោមព្រះគ្រូប៉ាត សុគន្ធ ដឹកនាំ. អស់ចំនួន៦៥.០០០ដុល្លាសរអា(ជំពាក់គេជាង៣៥០០ដុល្លា) ។
ព្រះគ្រូចៅអធិការថ្មីបណ្តោះអាសន្នក៏បានថ្លែងអំណរព្រះគុណអរគុណនិងកោតសរសើរទឹកព្រះទ័យ ទឺកចិត្ត ការរួមរួមសាមគ្គីនិងមានសទ្ធាជ្រះថ្លា បានកើនសន្ធឹក បើប្រៀបធៀបនឹងបច្ច័យអង្គាសបានពីឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌរយ:ពេល១៥ថ្ងៃ បានតែជាង១៧លានរៀល ។
នេះសបញ្ជាក់អោយឃើញថា វត្តនិងព្រះសង្ឃទទួលបានជំនឿទុកចិត្តឡើងវិញពីពុទ្ធបរិស័ទនិងមជ្ឈដ្ឋានជុំវិញហើយ ៕

