សមត្ថកិច្ចចម្រុះខេត្តកំពង់ធំ បង្ក្រាកទូសលៀស៥គ្រឿង ធ្វើសកម្មភាពកាវលៀស នៅក្នុងរដូវបិទនេសាទ

 

ខេត្តកំពង់ធំ ៖ កម្លាំងសមត្ថកិច្ចចម្រុះនៅទីបញ្ជាការស្រាលឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានធ្វើការបង្ក្រាបទូកចំនួន ៥គ្រឿង ដែលកំពុងតែធ្វើសកម្មភាពកាវលៀស នៅក្នុងរដូវបិទនេសាទ។ ការបង្ក្រាបនេះនៅម៉ោងប្រមាណ៤ និង១៥នាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ត្រង់ចំណុចខាងលិចឃុំពាមបាង ស្រុកស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពពីប្រជានេសាទជាលក្ខណៈគ្រួសារនៅតំបន់នោះ អោយដឹងថា ទូកលៀសនៅមានជាច្រើនគ្រឿងទៀតដែលមិនទាន់បង្ក្រាប ភាគច្រើនមកពីតំបន់ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង ឆ្លងមកកាវលៀស នៅតបន់ដែនទឹកខេត្តកំពង់ធំ ។ ហើយទូកទាំងនោះធ្វើសកម្មភាពជារៀងរាល់ថ្ងៃប្រើម៉ាស៊ីនធំៗ ដោយមានមេឈ្មួញចាំទទួលទិញប្រភេទលៀសចំណីសត្វ ដឹកបន្តយកទៅលក់នៅប្រទេសវៀតណាម ។ ហើយសកម្មភាពទាំងនេះមិនថារដូវបិទនេសាទ ឬរដូវបើកនេសាទនោះឡើយ ដែលសកម្មភាពយ៉ាងគឃ្លើនពីសំណាក់អ្នកកាវលៀស និងឈ្មួញចាំប្រមូលទិញ នៅតែអាចប្រព្រឹត្តបានយ៉ាងរលូតដោយពុំខ្លាចរអាលពីផ្លូវច្បាប់នោះឡើយ បានន័យថាអ្នកខ្លាចនៅតែខ្លាច អ្នកហ៊ាននៅតែហ៊ាន មន្ត្រីប្រឹងប្រែងអនុវត្តច្បាប់នៅតែបន្ត ដោយឡែកមន្ត្រីចាំទទួលលាភផល ពីបទល្មើសនេសាទ នៅតែមាន។

គួររំលេចថា ការនេសាទលៀសនារដូវបិទ ប្រើប្រាស់កម្លាំងម៉ាស៊ីន ច្បាប់មិនអនុញ្ញាតិនោះឡើយ គឺអនុញ្ញាតិអោយរកដោយដៃជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ។អ្នកនេសាទលៀសដោយប្រើកម្លាំងម៉ាស៊ីន គឺខុសច្បាប់ បំផ្លាញជីវៈចម្រុះ អេកូឡូស៊ី បាតបឹងយ៉ាងធ្ងន់ធ្ងរ។
ប្រជាពលរដ្ឋសូមសំណូមពរអាជ្ញាធរ ជំនាញពាក់ព័ន្ធមេត្តា ជាពិសេសឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តមពុំ ស៊ីថា ប្រតិភូរាជរដ្ឋាភិបាលនិងជាប្រធានរដ្ឋបាលជលផល មេត្តាជួយអន្តរាគមន៍ បង្ក្រាបទប់ស្កាត់រាល់បទល្មើស នេសាទជាច្រើនទៀត ក្រៅពីការកាវលៀសនេះ ក្នុងដែនទឹកនៃខេត្តកំពង់ធំ ដែលកំពុងកើតមានយ៉ាងពេញបន្ទុក និងជាពិសេសដាក់កម្លាំងចុះអធិការកិច្ច ស្រាវជ្រាវរកមុខសញ្ញា មន្ត្រី ដែលមានការពាក់ព័ន្ធជាមួយ ការចូលរួមបំផ្លាញ ធនធានធម្មជាតិ ចំណាត់ការអោយមានប្រសិទ្ធភាព ៕

Leave a Reply

Your email address will not be published. Required fields are marked *