អ្នករត់តាក់ស៊ីរងគ្រោះដោយអំពើហិង្សាពីជនសង្ស័យ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម

កំពង់ចាម៖ នៅវេលាម៉ោង ១០:១៨ នាទីយប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានពីបុរសជាអ្នករត់តាក់ស៊ីម្នាក់ ដែលបានស្នើសុំជំនួយ បន្ទាប់ពីត្រូវជនសង្ស័យប្រើកាំបិតចុងស្រួចចាក់ពីក្រោយ បណ្តាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅស្វែងរកនៅកន្លែងកើតហេតុ និងបានរកឃើញរថយន្តម៉ាកព្រូសរបស់ជនរងគ្រោះ។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាមភ្លាមៗ។
តាមការសាកសួរពីអ្នករួមដំណើរជាមួយជនរងគ្រោះ មូលហេតុនៃអំពើហិង្សានេះ បានកើតឡើងដោយសារជម្លោះផ្ទាល់មាត់រវាងជនរងគ្រោះ និងជនសង្ស័យ ទាក់ទងនឹងការតថ្លៃថ្លៃឈ្នួល។ ដំបូងឡើយ ជនសង្ស័យបានស្នើឱ្យជនរងគ្រោះជូនទៅខេត្តកំពង់ចាមក្នុងតម្លៃ ១០ ដុល្លារ។ ប៉ុន្តែនៅពេលធ្វើដំណើរដល់ចំណុចស្ពានស្ទឹងប្រយោល ស្រុកព្រៃឈរ ជនសង្ស័យបានផ្លាស់ប្តូរគោលដៅ ដោយទាមទារឱ្យជនរងគ្រោះបន្តជូនទៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីគោលបំណងធ្វើឃាតឪពុករបស់ខ្លួន។ ដោយសារការមិនព្រមព្រៀងគ្នា ជនសង្ស័យបានដកកាំបិតចាក់ជនរងគ្រោះភ្លាមៗ។
ការត្រួតពិនិត្យនៅកន្លែងកើតហេតុបានបង្ហាញថា មិនមានទ្រព្យសម្បត្តិណាមួយបាត់បង់ពីរថយន្តរបស់ជនរងគ្រោះឡើយ។ ដូច្នេះ សមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះជាអំពើហិង្សាដោយចេតនា។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងបន្តស្វែងរកជនសង្ស័យ ដើម្បីនាំខ្លួនមកអនុវត្តតាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *