ដោយ :ភ្នំធំ / ព្រះវិហារ:ក្រសួងការពារជាតិបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានចុះពិនិត្យទីតាំងជាក់ស្តែងដែលរងផលប៉ះពាល់ពីការវាយប្រហារចំនួន២លើក ដោយយោធសៀមតាមរយៈការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជា នៅតំបន់អានសេះ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។
ពោលគឺដើម្បីធ្វើការសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ ក្រោយបទឈប់បាញ់ចូលជាធរមាន។
អ្នកនាំពាក្យក្រសួងការពារជាតិអោយដឹងថា: ការចុះបានធ្វើកាលពីថ្ងៃអាទិត្យទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ។
សូមបញ្ជាក់ថា ទាហានសៀមបានធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា នៅតំបន់អានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាវេលាប្រមាណម៉ោង ១១:៥២នាទីព្រឹក រហូតដល់ម៉ោង ១២:៤៦នាទីរសៀល មានចំនួន២លើក៖
លើកទី១- ចាប់បាញ់ប្រហារ នៅម៉ោង ១១:៥២នាទី ដល់ម៉ោង ១២:២២នាទី និងលើកទី២ ចាប់បាញ់ប្រហារ នៅម៉ោង ១២:២៥នាទី ដល់ម៉ោង ១២:៤៦នាទី។
នៅក្នុងហេតុការណ៍នោះ កងកម្លាំងរបស់កម្ពុជាមិនបានតបតឡើយ គឺបានប្រកាន់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលចូលជាធរមាននៅម៉ោង ២៤:០០ (ម៉ោងក្នុងតំបន់) ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត។
កម្ពុជាសូមសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបង្កហេតុ និងការបន្តផ្ទុះអាវុធនៅខាងភាគីថៃខ្លួនឯង។
កម្ពុជាស្នើឱ្យភាគីទាំងពីរអនុញ្ញាតឱ្យក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចូលរួមពិនិត្យនិងធ្វើកោសល្យវិច័យទៅលើភស្តុតាងនានាដែលបានបន្សល់ទុកក្រោយពេលការបាញ់ប្រហាររបស់ភាគីថៃមកលើកងកម្លាំងកម្ពុជាឱ្យបានហ្មត់ចត់បំផុត ។
គឺសំដៅផ្តល់នូវព័ត៌មានពិត សុចរិតភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវដល់ភាគីទាំងពីរផង និងដល់សាធារណជនជាតិ និងអន្តរជាតិផង ៕

