(កំពង់ធំ)៖ នៅល្ងាចថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានប្រគល់ថវិកាឧបត្ថម្ភតាមគោលនយោបាយជូនដល់គ្រួសារមន្ត្រីនគរបាលជាតិដែលបានពលីមរណៈចំនួន ០៣ គ្រួសារ សរុបថវិកាចំនួន ៦៤,៦១២,០០០ រៀល។ ពិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
ថ្លែងក្នុងពិធីនោះ លោកស្នងការបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ដ៏ធំធេងរបស់ក្រុមគ្រួសារនគរបាលដែលបានលះបង់ជីវិតដើម្បីបុព្វហេតុជាតិ។ លោកក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រួសារទាំងបីដែលបានអនុញ្ញាតឱ្យស្វាមីចូលបម្រើក្នុងជួរកងកម្លាំងនគរបាលជាតិដើម្បីចូលរួមកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមរហូតដល់ប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ។
លោកឧត្ដមសេនីយ៍ទោ ហេង សុផល បានបញ្ជាក់ថា ការផ្ដល់ថវិកានេះគឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។ ថវិកាទាំងនេះនឹងជួយដោះស្រាយជីវភាពប្រចាំថ្ងៃរបស់គ្រួសារនគរបាលដែលបានពលី។ ជាមួយគ្នានោះ លោកក៏បានផ្តាំផ្ញើដល់ក្រុមគ្រួសារឱ្យខិតខំប្រកបមុខរបរផ្សេងៗដើម្បីលើកកម្ពស់ជីវភាពឱ្យកាន់តែប្រសើរឡើង។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះគ្រួសារដែលបានទទួលថវិកា៖
លោកវរសេនីយ៍ត្រី កែវ ជួង (នាយផ្នែកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ) ទទួលបានថវិកា ២២,១៣៦,៧៥០ រៀល។
លោកវរសេនីយ៍ត្រី ជា សុគន្ធ (នាយផ្នែកនៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍) ទទួលបានថវិកា ២២,១៣៦,៧៥០ រៀល។
លោកអនុសេនីយ៍ឯក ប៉ែន ចាន់ថន (មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ) ទទួលបានថវិកា ២០,៣៣៨,៥០០ រៀល។

