ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ -ស្រះកែវ ថៃ:កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និង កងទ័ពភូមិភាគទី១របស់ថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅសាលមហោស្របនៃបន្ទាយ១របស់យោធាថៃនាស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ ថៃ។
សូមបញ្ជាក់ថា គណៈប្រតិភូកម្ពុជាគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដឹកនាំដោយឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។
គណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។
បើតាមតាមក្រសួងការពារជាតិ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានបញ្ចប់ដោយជោគជ័យនៅវេលាម៉ោង១១:១៥នាទីថ្ងៃត្រង់ថ្ងៃដដែល ដោយភាគីកម្ពុជា និងថៃបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន ។
ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងរយៈពេលមួយខែក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ឬតាមពេលវេលាសមស្រប ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
សូមបញ្ជាក់ដែរថា ក្នុងកិច្ចប្រជុំ ភាគីកម្ពុជាក៏បានលើកឡើងនិងជម្រុញអោយភាគីថៃរុះរើ យកចេញបន្លាលួសនិងកង់ឡានដែលទាហានថៃបានពង្រាយ ហ៊ុំព័ទ្ធរំលោភចូលដែនបូរណភាពទឹកដីកម្ពុជានិងរំលោភបទឈប់បាញ់។
បញ្ហានេះភាគីថៃ ឆ្លើយតបថា ចាំរាយការណ៍ជូនថ្នាក់លើខ្លួនពិនិត្យនិងសម្រេច។
ពោលគឺសកម្មភាពរាយបន្លាលួស ដាក់កង់ឡាននេះ ថ្នាក់ក្រោមនៃកងទ័ព តម្រួតថៃមិនមែនធ្វើចិត្តឯងឡើយ តែធ្វើឡើងដោយមានការចាត់តាំងពីថ្នាក់ដឹកនាំថៃឯណោះ៕

