ភ្នំពេញ៖ យុទ្ធនាការ «ដាស់ស្មារតីជាតិ» ត្រូវបានបង្កើតឡើងក្នុងគោលដៅយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីឆ្លុះបញ្ចាំងពីតថភាពប្រវត្តិសាស្ត្រ និងការដាស់តឿនស្មារតីប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យចងចាំនូវមេរៀន និងបទពិសោធន៍ឈឺចាប់ដែលកម្ពុជាបានឆ្លងកាត់។
ក្នុងនោះ យុទ្ធនាការនេះបានផ្តោតលើគោលដៅយុទ្ធសាស្ត្រធំៗចំនួន ៣ រួមមាន៖
១. ឆ្លុះបញ្ចាំងតថភាពប្រវត្តិសាស្ត្រ និងការចងចាំ៖ ផ្សព្វផ្សាយឱ្យសាធារណជន និងយុវជនជំនាន់ក្រោយបានដឹង និងចងចាំនូវមេរៀន ព្រមទាំងបទពិសោធន៍ឈឺចាប់ដែលកម្ពុជាបានឆ្លងកាត់ ជាពិសេសព្រឹត្តិការណ៍សង្គ្រាមរវាងកម្ពុជា និងថៃ ក្នុងឆ្នាំ២០២៥ កន្លងទៅ ដែលជាសង្គ្រាមកម្ពុជាមិនបានជ្រើសរើស។
២. បំប្លែងការឈឺចាប់ជាកម្លាំងចិត្តអភិវឌ្ឍ៖ ជម្រុញការចងចាំ និងការផ្សារភ្ជាប់ការឈឺចាប់ទាំងនោះ ឱ្យទៅជាកម្លាំងជម្រុញទឹកចិត្តក្នុងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងស្ថាប័ន ដើម្បីរួមគ្នាការពារបូរណភាពទឹកដី និងរក្សាសន្តិភាពឱ្យបានគង់វង្ស។
៣. អប់រំ និងពង្រឹងសាមគ្គីភាពជាតិ៖ បណ្តុះបណ្តាល និងអប់រំឱ្យចេះបំប្លែងកំហឹង ការសងសឹក និងទស្សនៈជ្រុលនិយមចង្អៀតចង្អល់ ដោយមិនបោះបង់ការឈឺចាប់ ប៉ុន្តែរួមគ្នារក្សាស្មារតីឯកភាពជាតិ ដើម្បីប្រឈមមុខនឹងហានិភ័យនានាដែលអាចកើតមាននៅថ្ងៃអនាគត។
យុទ្ធនាការ «ដាស់ស្មារតីជាតិ» មិនត្រឹមតែជាការរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រនោះទេ ប៉ុន្តែជាត្រីវិស័យបង្ហាញ់ផ្លូវដល់ពលរដ្ឋគ្រប់រូប ក្នុងការរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីកសាង និងការពារមាតុភូមិប្រកបដោយចីរភាព៕

