លទ្ធផលជាទីពេញចិត្ត ក្នុងការប្រកួតប្រជែងអំណាននិងនិយាយភាសាចិននៅសាលារៀនផីឆឹងនៃសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :សាលារៀនផីឆឹងនៃសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យស្ថិតនៅភូមិខ្លាកូនចាស់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ កាលពីថ្មីៗនាខែមិថុនាឆ្នាំ២០២៦ បានរៀបចំប្រកួតប្រជែងអំណាននិងនិយាយភាសាចិន ជាសាធារណ:លើកដំបូង ដោយទទួលបានលទ្ធផលល្អប្រសើរគួរជាទីពេញចិត្ត។
ពោលគឺជ្រើសរើសបានជ័យលាភីឆ្នើម ទាំងគុណភាពនិងទាំងបរិមាណលើអំណាន ការនិយាយនិងសំណេរភាសាចិន។

លោកស្រីស៊ឹម យ៉ារី នាយិកាសាលារៀនផីឆឹង បានឲ្យដឹងថា: គិតត្រឹមពេលនេះនៃឆ្នាំសិក្សា២០២៥-២៦ សាលារៀនមានថ្នាក់ចំណេះដឹងទូទៅ ថ្នាក់ភាសាចិន អង់គ្លេសពេញម៉ោងនៃកម្មវិធីសិក្សាមត្តេយ្យសិក្សា ៣ភាសា ,បឋមសិក្សា៣ភាសានិងថ្នាក់ភាសាចិនក្រៅម៉ោងគ្រប់កម្រឹត មានសិស្សសរុប៣៧៥នាក់/ស្រី២៦២នាក់។ ហើយបង្រៀនដោយគ្រូជនជាតិខ្មែរក្នុងខេត្តនិងគ្រូស្ម័គ្រចិត្តជនជាតិចិនមកពីសាធារណរដ្ឋប្រជាមានិតចិន។
ចំពោះកម្មវិធីប្រកួតប្រជែងអំណាននិងនិយាយភាសាចិនលើកដំបូងនេះ មាន៥កម្រិតគឺកម្រិតទាប មធ្យម ខ្ពស់ ។
បន្ទាប់ពីឆ្លងកាត់ការប្រកួតចម្រាញ់ ជម្រុះ នាចុងក្រោយនៅមានបេក្ខជន បេក្ខនារីចំនួន៧១នាក់ប្រកួតផ្តាច់ព្រ័ត្រដោយចំហដែលវិធីវាយតម្លៃ ដាក់ពិន្ទុលើលក្ខណ:សម្បត្តិសំខាន់ៗចំនួន៤ ដោយគណ:កម្មការចំនួន៤ ។
ការប្រកួតប្រជែងដោយបញ្ចេញសមត្ថភាពលើការបញ្ចេញសម្លេង ភាពស្ទាត់ជំនាញ, លើសំណេរអត្ថបទ ,លើការសូត្រ ,លើការអាននិងការនិយាយ ព្រមទាំងការសម្តែងភាពក្លាហាននិងកាយវិការរស់រវើកផងដែរ ។

ចំពោះលទ្ធផលគឺគណ:កម្មការនិងសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យត្រូវផ្តល់រង្វាន់ចំពោះជ័យលាភីលេខ១ លេខ២ លេខ៣ គឺមេដាយមាស មេដាយប្រាក់និងមេដាយសំរឹទ្ធិនិងផ្តល់រង្វាន់សិស្សឆ្នើម។
ក៏មានអាហារូបករណ៍សិក្សាចាប់ពី១៥ដល់៥០% និងផ្តល់ប័ណ្ណសរសើរ ផ្តល់សម្ភារ:សិក្សានិងការលើកទឹកចិត្តផ្សេងទៀត ។

ក្នុងនោះ កម្រិតទាប ជ័យលាភីលេខ១ បានទៅឈ្មោះម៉េងហ័ ហ្សូលីដា លេខ២ ឈ្មោះណាម ច័ន្ទពិសិដ្ឋ និងលេខ៣ ឈ្មោះម៉េងហ័ គឹមសាន្ត។ និងសិស្សឆ្នើមពី១ដល់៦ ។
កម្រិតមធ្យម ជ័យលាភីលេខ១ បានទៅឈ្មោះរៀម ភារម្យ លេខ២ ឈ្មោះចាវ សីហាន់ និងលេខ៣ ឈ្មោះលន់ ឡាវីហ្សា។និងសិស្សឆ្នើមពី១ដល់៤ ។ និងកម្រិតខ្ពស់ លេខ១ បានទៅឈ្មោះជីវ ស៊ីមួយ លេខ២ ឈ្មោះរឿង ជេនី លេខ៣ ឈ្មោះកែវ វិសាណានិងលេខ៣ស្ទួន ឈ្មោះសាម សុកុម្ភៈ: ។ និងសិស្សឆ្នើម៣នាក់ផ្សេងទៀត។
ពោលគឺជ័យលាភីមេដាយ មានចំនួន១៦រូប ។
ក្រៅពីផ្តល់ដល់សិស្សឆ្នើមនិងក៏មានរង្វាន់លួងចិត្តដល់បេក្ខជន /នារីដែលបានចូលរួមប្រកួតប្រជែងផងដែរ ។

លោកឆាន់ ប៊ុនម៉ាន់ ប្រធានសមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា : ២៨ឆ្នាំមកនេះ សាលារៀនផីឆឹង ដែលជាសាលាចំណេះទូទៅឯកជនភាសាខ្មែរ ចិន អង់គ្លេសដែលនាំមុខគេមួយ បានដំណើរការស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជននិងកីឡាកម្ពុជានិងចិន មួយនេះ បានរួមចំណែកដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សចំនួនរាប់រយពាន់នាក់ ។ ពិសេសគឺភាសាចិន ។
ក្នុងនោះ មានការប្រឡង ការប្រកួតប្រជែងក្នុងសាលានិងក្នុងប្រទេស ព្រមទាំងការប្រលងតេស្តសមត្ថភាពភាសាចិនYCTនិងHSK នៅប្រទេសចិនថែមទៀត។
ចំពោះការប្រកួតប្រជែងអំណាននិងនិយាយភាសាចិន លើកដំបូងនេះ ទទួលលទ្ធផលល្អប្រសើរគួរជាទីពេញចិត្ត ដែលបានឆ្លុះបញ្ចាំងថា ការគ្រប់គ្រងល្អ ការខិតខំបង្រៀននិងរៀនបានដើរទន្ទឹមគ្នា។

លោកឆាន់ ប៊ុនម៉ាន់ បានបន្តថា : វឌ្ឍនភាពរបស់សាលារៀននេះ គឺផ្សារភ្ជាប់ជំនឿទុកចិត្តរបស់ឪពុកម្តាយ អាណាព្យបាលសិស្សដែលបញ្ជូនកូនចៅមករៀនសូត្រទីនេះកាន់តែច្រើន ដើម្បីឲ្យសិស្សទទួលបាននូវចំណេះដឹងមានគុណភាព ស្តង់ដារនិងមានសីលធម៌ សុជីវធម៌ល្អ ។

នាឱកាសនោះ លោកអេង ប៊ុនឆាយ សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនិងជាទីប្រឹក្សាជាន់ខ្ពស់នៃសមាគមមានប្រសាសន៍អបអរសាទរនិងកោតសរសើរដល់គណ:គ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ គណ:កម្មការនិងក្មួយៗសិស្សានុសិស្សដែលបានចូលរួមកម្មវិធីការប្រកួតប្រជែងអំណាន និងការនិយាយភាសាចិន ដ៏រលូននិងទទួលលទ្ធផលជោគជ័យត្រចះត្រចង់ ។

លោកអេង ប៊ុនឆាយ បន្តថា: ក្នុងនាមអាជ្ញាធរនិងក្រុមប្រឹក្សាខេត្ត ក៏ដូចជាទីប្រឹក្សាជាន់ខ្ពស់សមាគម លោកសូមជម្រុញលើកទឹកចិត្តដល់សាលារៀនផី ឆឹងរឹងរឹតតែខិតខំនិងទទួលបានលទ្ធផលល្អថ្មីៗបន្ថែមទៀត ពិសេសគឺការបណ្តុះបណ្តាលធនធានមនុស្សឲ្យស្ទាត់ជំនាញលើការអាន ការនិយាយ ការសរសេរនិងការតែងអត្ថបទជាភាសាចិនដែលជាភាសាអន្តរជាតិដ៏ពេញនិយមនាបច្ចុប្បន្ននិងទីអនាគត ៕

Leave a Reply

Your email address will not be published. Required fields are marked *