ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ព្រមទាំងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត បានដឹកនាំសហការី និងអាជ្ញាធរដែនដី នាំយកស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំង ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ដែលជានិច្ចកាល សម្តេច និងឯកឧត្តម តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋក្រីក្រគ្រប់រូប ព្រមទាំងបានជូនពរដល់អ្នកភូមិទាំងអស់ឱ្យមានសុខភាពល្អ និងជួបតែពុទ្ធពរទាំងបួនប្រការ។
ការអភិវឌ្ឍរីកចម្រើននៅក្នុងឃុំដងកាំបិត
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កន្លងទៅ ឃុំដងកាំបិត ដែលជាឃុំដាច់ស្រយាលចុងកាត់មាត់ញកនៃស្រុកសណ្ដាន់ មានព្រំប្រទល់ជាប់ឃុំរុងរឿង និងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ធ្លាប់ជួបការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលទៅកាន់ទីរួមស្រុក។
ប៉ុន្តែបច្ចុប្បន្ន ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រុមការងារចុះមូលដ្ឋាន បានធ្វើឱ្យឃុំមួយនេះមានការប្រែប្រួលមុខមាត់ថ្មីយ៉ាងខ្លាំង រួមមាន៖
វិស័យកសិកម្ម៖ មានសំណង់ស្ទាក់ទឹកតម្លៃរាប់លានដុល្លារសម្រាប់បម្រើដល់ការធ្វើកសិកម្ម។
ហេដ្ឋារចនាសម្ព័ន្ធ៖ ផ្លូវលំ និងស្ពាន ត្រូវបានស្ថាបនាសម្រួលដល់ការចរាចរណ៍ដឹកទំនិញបានលឿនរហ័ស ទាំងប៉ែកខាងលិច និងខាងកើតស្ទឹងសែន។
វិស័យសាសនា៖ ជួយសាងសង់កុដិ និងឧបដ្ឋានសាលា ព្រមទាំងសមិទ្ធផលនានានៅក្នុងវត្តស្រែវាលខាងកើត។
វិស័យអប់រំ និងជីវភាព៖ ទទួលបានសាឡង់ ១គ្រឿង ដែលជាអំណោយរបស់សម្តេចធិបតី សម្រាប់ប្រគល់ជូនក្រុមប្រឹក្សាឃុំ ក្នុងការចម្លងសិស្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់ដងស្ទឹងសែនដោយសុវត្ថិភាព។
ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ សូមបន្តជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសលើបញ្ហាព្រំដែន ដែលកន្លងមកមានការរំលោភបំពាន។ បច្ចុប្បន្ន រាជរដ្ឋាភិបាលបាននិងកំពុងខិតខំដោះស្រាយគ្រប់បែបយ៉ាងតាមយន្តការសន្តិវិធី និងច្បាប់អន្តរជាតិ ដើម្បីការពារនិងទាមទារដែនបូរណភាពទឹកដីត្រឡប់មកវិញ។
អំណោយឧបត្ថម្ភដែលបានចែកជូនរួមមាន៖
សម្រាប់គ្រួសារទូទៅ (ចំនួន ២០គ្រួសារ)៖ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មីជាតិ ១កេស, ទឹកត្រីនិងទឹកស៊ីអ៊ីវ ២យួរ, និងត្រីខកំប៉ុង ១យួរ។
សម្រាប់គ្រួសារដែលមានសមាជិកទទួលមរណភាព (ចំនួន ១នាក់)៖ ទទួលបាន អង្ករ ៥០គីឡូក្រាម, មីជាតិ ២កេស, ទឹកត្រីនិងទឹកស៊ីអ៊ីវ ២យួរ, ត្រីខកំប៉ុង ២យួរ, និងថវិកាចំនួន ២០០,០០០ រៀលបន្ថែមទៀត៕

