ភ្នំពេញ៖ ជម្លោះពាក្យសម្តីរវាងលោកគ្រូ អ៊ុត ស៊ាងហន នាយកសាលាបឋមសិក្សារបោះអង្កាញ់ និងអ្នកគ្រូ ហែន ច័ន្ទរស្មី គ្រូបង្រៀនថ្នាក់ទី២ ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅ សម្របសម្រួលដោះស្រាយបញ្ចប់ជាស្ថាពរហើយ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ។
ការចុះអន្តរាគមន៍នេះ ធ្វើឡើងបន្ទាប់ពីមានការបង្ហោះវីដេអូដឹងឮពេញបណ្តាញសង្គម ពាក់ព័ន្ធនឹងជម្លោះរវាងភាគីទាំងពីរ។ ក្នុងនោះ លោក សឺង ឈុន ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌច្បារអំពៅ បានដឹកនាំការសម្របសម្រួលដោយផ្ទាល់ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាសង្កាត់ និងនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឯងផងដែរ។
ក្រោយកិច្ចប្រជុំពិភាក្សា ភាគីទាំងពីរបានយល់ព្រម និងឯកភាពគ្នាលើចំណុចសំខាន់ៗចំនួន ៤ រួមមាន៖
១. ភាគីទាំងពីរយល់ព្រមបញ្ចប់រឿងរ៉ាវ និងការប៉ះពាល់ពាក្យសម្តីគ្នាទៅវិញទៅមកចាប់ពីពេលនេះតទៅ។
២. ភាគីខាងអ្នកគ្រូ (ភាគីទីពីរ) យល់ព្រមលុបវីដេអូសកម្មភាពជម្លោះដែលបានបង្ហោះនៅលើបណ្តាញសង្គម។
៣. ភាគីខាងអ្នកគ្រូ (ភាគីទីពីរ) យល់ព្រមដកពាក្យបណ្តឹងទាំងអស់ដែលបានដាក់ផ្លូវការ។
៤. ភាគីទាំងពីរប្តេជ្ញាចិត្តឈប់រំលឹក ឬនិយាយពីរឿងរ៉ាវចាស់ៗដែលបានកើតឡើង ដើម្បីជៀសវាងការបង្កើតជម្លោះជាថ្មី។
នាឱកាសនោះដែរ លោក សឺង ឈុន ក៏បានធ្វើការណែនាំឱ្យភាគីទាំងពីរពោលពាក្យសុំទោសគ្នាទៅវិញទៅមក ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។ ទីបំផុត ភាគីទាំងសងខាងបានទទួលយកការណែនាំ និងយល់ព្រមបញ្ចប់ជម្លោះនេះដោយសន្តិវិធី និងវិលត្រឡប់ទៅបំពេញការងារតាមតួនាទីរៀងៗខ្លួនវិញ៕

