​បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងផ្សព្វផ្សាយច្បាប់ស្តីពីកាតព្វកិច្ចយោធា

​ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០ ២៦ នេះ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំខែឧសភា ដាក់ចេញទិសដៅអនុវត្តបន្ត និងផ្សព្វផ្សាយច្បាប់ស្តីពីកាតព្វកិច្ចយោធា ជូនដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង មេបញ្ជាការគ្រប់បណ្តាកងឯកភាព និងគ្រប់ការិយាល័យ-ស្ថាប័នចំណុះ។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
​នៅក្នុងអង្គប្រជុំ លោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងការិយាល័យទី៣ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារយោធា សន្តិសុខ ដែលអង្គភាពសម្រេចបានក្នុងខែឧសភា ព្រមទាំងអានសេចក្តីព្រាងទិសដៅភារកិច្ចសំខាន់ៗ ដើម្បីដាក់ជូនអង្គប្រជុំពិភាក្សា និងអនុម័ត។
​បន្ទាប់មក លោកវរសេនីយ៍ឯក អ៊ូ ឆេងកន មេបញ្ជាការរង បានឡើងផ្សព្វផ្សាយផែនការមួយចំនួន និងបានអានច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។ ច្បាប់នេះត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ព្រះមហាក្សត្រ ចុះហត្ថលេខាលើព្រះរាជក្រមដាក់ឱ្យប្រើប្រាស់ជាការប្រញាប់ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីឆ្លងកាត់ការពិនិត្យនិងផ្តល់យោបល់ពីព្រឹទ្ធសភាកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
​មានប្រសាសន៍បូកសរុប ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរយ៉ាងភក្ដីចំពោះមេបញ្ជាការគ្រប់បណ្តាកងឯកភាព ការិយាល័យ និងស្ថាប័នចំណុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញភារកិច្ចដែលថ្នាក់លើប្រគល់ជូនទទួលបានជោគជ័យគួរជាទីមោទនៈ។ លោកបានគូសបញ្ជាក់ថា កន្លងមក អង្គភាពបានចាត់តាំងកម្លាំងមួយផ្នែកទៅបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ តាមបទបញ្ជារបស់ថ្នាក់លើ។ ដោយឡែក កងកម្លាំងនៅខាងក្រោយ ក៏បានបំពេញភារកិច្ចយ៉ាងសកម្មក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ (បទល្មើសព្រៃឈើ និងបទល្មើសនេសាទ) ទទួលបានលទ្ធផលល្អប្រសើរ និងមានការកោតសរសើរពីមជ្ឈដ្ឋានទូទៅ។
​ដើម្បីពង្រឹងប្រសិទ្ធភាពការងារបន្ត ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់ចេញនូវភារកិច្ចគន្លឹះៗចំនួន ៥ ចំណុច រួមមាន៖
​ទី១. បន្តពង្រឹង គ្រប់គ្រងកងកម្លាំង គ្រឿងបំពាក់ និងដោះស្រាយកិច្ចការធានាឱ្យបានគ្រប់គ្រាន់ ជូនកងកម្លាំងដែលកំពុងប្រចាំការបំពេញភារកិច្ចការពារបូរណភាពទឹកដី។
​ទី២. ផ្សព្វផ្សាយច្បាប់ស្តីពីកាតព្វកិច្ចយោធា ជូនដល់យោធិន និងក្រុមគ្រួសារយោធិនគ្រប់រូប ឱ្យបានយល់ជ្រួតជ្រាបអំពីអត្ថប្រយោជន៍ និងមោទនភាពរបស់យុវជនក្នុងការចូលរួមអនុវត្តច្បាប់កាតព្វកិច្ចយោធា ដែលនឹងត្រូវអនុវត្តនាពេលខាងមុខ។
​ទី៣. បន្តសហការជាមួយកងកម្លាំងចម្រុះ អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ (ព្រៃឈើ និងនេសាទ) ឱ្យទទួលបានជោគជ័យបន្ថែមទៀត។
​ទី៤. បន្តសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។
​ទី៥. បន្តសកម្មភាពបម្រើបងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលមានជីវភាពលំបាកខ្វះខាត និងជម្រុញការសាងសង់ផ្ទះ (អំណោយរបស់សម្តេចតេជោ ហ៊ុន សែន) ជូនក្រុមគ្រួសារអតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះ ឬមានដីតែជម្រកមិនសមរម្យ ឱ្យបានឆាប់រហ័សបំផុតក្រោយការធ្វើអធិការកិច្ចរួចរាល់។

Leave a Reply

Your email address will not be published. Required fields are marked *