កណ្ដាប់ដៃដែករបស់អភិបាលខេត្តកំពង់ធំ៖ ចាប់ខ្លួនមេខ្លោងបំផ្លាញធនធានធម្មជាតិដែលរត់គេចខ្លួន ហើយប្ដេជ្ញាលុបបំបាត់វប្បធម៌ «អ្នកហ៊ានគឺបាន»

 


​កំពង់ធំ៖ វិធានការក្ដៅនិងរឹងមាំក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមបញ្ជាផ្ទាល់របស់លោកអភិបាលខេត្តកំពង់ធំ បានចេញលទ្ធផលជាបណ្ដើរៗហើយ ដោយក្នុងនោះមេខ្លោងធំដែលនៅពីក្រោយខ្នងនៃការកាប់ទន្ទ្រានព្រៃឈើយ៉ាងអនាធិបតេយ្យ ត្រូវបានកម្លាំងសមត្ថកិច្ចដេញប្រមាញ់ និងចាប់ខ្លួនបានសម្រេច ទោះបីជាខំរត់គេចខ្លួនទៅដល់ខេត្តកំពង់ចាមក៏ដោយ។
​យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីការបើកការអង្កេតបឋមយ៉ាងយកចិត្តទុកដាក់អស់មួយរយៈ ក៏ដូចជាផ្អែកលើចម្លើយសារភាពពីបងប្អូនប្រជាពលរដ្ឋ ដែលបានស៊ីឈ្នួលកាប់បំផ្លាញព្រៃឈើនៅតំបន់អូរតាលោកនាពេលកន្លងមក សមត្ថកិច្ចបានឈានទៅកំណត់មុខសញ្ញាយ៉ាងច្បាស់លាស់ ចំពោះជនល្មើសជាមេខ្លោងធំ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនត្រឡប់មកខេត្តកំពង់ធំវិញ ដើម្បីបន្តនីតិវិធីច្បាប់ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្ត ចាត់ការទៅតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត។
​ជុំវិញករណីបង្ក្រាបដ៏ក្ដៅគគុកនេះ ថ្នាក់ដឹកនាំខេត្តកំពង់ធំបានសង្កត់ធ្ងន់តាមរយៈពាក្យស្លោកដ៏មានអត្ថន័យថា៖ «កុកតែងភ្លេចជង់ តែជង់មិនដែលភ្លេចកុកទេ»។ នេះជាការព្រមានច្បាស់ៗទៅកាន់ក្រុមជនខិលខូច ដែលតែងតែលួចលាក់បំផ្លាញសម្បត្តិជាតិថា មិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ។
​ជាមួយគ្នានេះដែរ អាជ្ញាធរខេត្តក៏បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបញ្ឈប់ជាបន្ទាន់នូវវប្បធម៌ «អ្នកហ៊ានគឺបាន» ដែលជាគំនិតខុសឆ្គងនាំទៅរកការបំផ្លិចបំផ្លាញ ហើយងាកមកចូលរួមសហការគ្នាថែរក្សាសម្បត្តិព្រៃឈើ ដែលជាធនធានធម្មជាតិដ៏មានតម្លៃរបស់ពួកយើងទាំងអស់គ្នាវិញ។
​រដ្ឋបាលខេត្តកំពង់ធំបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា ក្រោមវិធានការកណ្ដាប់ដៃដែកនេះ ជនណាក៏ដោយដែលបានប្រព្រឹត្តបទល្មើស រួមទាំងអ្នកពាក់ព័ន្ធទាំងឡាយដែលនៅពីក្រោយខ្នង ដាច់ខាតគឺមិនត្រូវលើកលែង ឬដោះលែងឱ្យរួចខ្លួនជាដាច់ខាត ដើម្បីការពារសម្បត្តិធម្មជាតិរបស់រដ្ឋឱ្យបានគង់វង្ស៕

Leave a Reply

Your email address will not be published. Required fields are marked *