កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវការណែនាំយ៉ាងម៉ឺងម៉ាត់ ដល់ម្ចាស់រោងចក្រ សណ្ឋាគារ ផ្ទះសំណាក់ និងបន្ទប់ជួលគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់ និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online)។
ការណែនាំនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងធានាឱ្យបានថា គ្មានការលួចលាក់ប្រើប្រាស់ទីតាំងអាជីវកម្ម ឬកន្លែងស្នាក់នៅណាមួយ នៅក្នុងខេត្តកំពង់ឆ្នាំង ធ្វើជាសម្បុកជម្រកសម្រាប់ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញឡើយ។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្ម និងម្ចាស់ទីតាំងស្នាក់នៅទាំងអស់ ត្រូវពិនិត្យ និងគ្រប់គ្រងរាល់ការស្នាក់នៅរបស់ភ្ញៀវ ឬកម្មករនិយោជិតឱ្យបានច្បាស់លាស់ ហើយក្នុងករណីមានការសង្ស័យ ឬឃើញមានភាពមិនប្រក្រតី ត្រូវរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីមានវិធានការណ៍ទប់ស្កាត់បានទាន់ពេលវេលា៕

