នឹងមានអ្វីកើតឡើង បើនាយករដ្ឋមន្ត្រីថៃ និយាយរឿងព្រំដែនខ្មែរ-ថៃ ប្រាប់ លោក ម៉ាក្រុង?

ដោយ : ភ្នំធំ / ភ្នំពេញ :សៅ សុខអេង ទូរទស្សន៍អប្សរា AMS

កិច្ចសម្ភាសន៍ជាមួយលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦

សុខ អេង ១).៖ តើលោកគ្រូ យល់ថា នឹងមានអ្វីកើតឡើង បើនាយករដ្ឋមន្ត្រីថៃ និយាយរឿងព្រំដែនខ្មែរ-ថៃ ប្រាប់ លោក ម៉ាក្រុង?
ឆាំង យុ/នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា៖ ខ្ញុំយល់ថា ខណដែលនាយករដ្ឋមន្ត្រីថៃនិយាយរឿងព្រំដែនខ្មែរ-ថៃ ប្រាប់លោក ម៉ាក្រុងគឺជាប្រយោជន៍សម្រាប់មនុស្សគ្រប់ៗគ្នា (លើកលែងតែប្រទេសថៃ) ក្នុងការចង់ឃើញបញ្ហាព្រំដែនត្រូវបានដោះស្រាយដោយសន្តិវិធី និងតាមរយៈមធ្យោបាយមួយដែលមិនបន្សល់ទុកនូវលក្ខខណ្ឌបង្កជាជម្លោះទៅថ្ងៃអនាគត។ បញ្ហាព្រំដែននេះគឺជាការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយក្នុងនាមជាសមាជិកមួយនៃសហភាពអឺរ៉ុប ប្រទេសបារាំងក៏មានផលប្រយោជន៍ និងការបណ្តាក់ទុននៅក្នុងតំបន់នេះដែរ។ ខ្ញុំមានមានជំនឿចិត្តថា ប្រទេសបារាំងនឹងជម្រុញឱ្យប្រទេសថៃស្វែងរកដំណោះស្រាយសន្តិភាពមួយដ៏យូរអង្វែង ប៉ុន្តែខ្ញុំមិនសូវជឿជាក់ថាប្រទេសថៃនឹងផ្លាស់ប្តូរជំហររបស់ខ្លួននោះឡើយ។

សុខ អេង ២).៖ តើថៃអាចនឹងមានឥទ្ធិពលជាងខ្មែរទេ ព្រោះគម្រោងរបស់ថៃវិនិយោគច្រើនជាងខ្មែរ?
ឆាំង យុ/នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា៖ ខ្ញុំមិនគិតដូច្នេះទេ ប៉ុន្តែសំណួរដែលសំខាន់ជាងនេះទៅទៀតនោះគឺថាតើលទ្ធផលបែបណាដែលនឹងផ្តល់ផលប្រយោជន៍ខ្លាំងបំផុតដល់ប្រទេសបារាំង និងសហភាពអឺរ៉ុប សម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែងនៅក្នុងតំបន់ ហើយថាតើប្រទេសបារាំង និងសហភាពអឺរ៉ុបអាចមានឥទ្ធិពលលើប្រទេសថៃដែរឬយ៉ាងណា?

សុខ អេង ៣).៖ តើថៃអាចនឹងភូតកុហកបារាំងដូចទម្លាប់កន្លងមកទេ?
ឆាំង យុ/នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា៖ ប្រទេសបារាំងមិនមែនមិនដឹងមិនឮពីប្រវត្តិសាស្ត្រក្នុងតំបន់ នោះទេ ហើយតាមពិតទៅនៅក្នុងចំណោមសហគមន៍អន្តរជាតិ បារាំងអាចមានការយល់ដឹងច្រើន បើទោះបីជាមិនច្រើនជាងគេបំផុតនោះក៏ដោយ។ ខ្ញុំមិនគិតថាប្រទេសបារាំងគឺជាប្រទេសដែលងាយនឹងត្រូវគេបោកប្រាស់ ឬងាយនឹងបញ្ចុះបញ្ចូលបាននោះដែរ។

សុខ អេង ៤).៖ តើកម្ពុជាគួរត្រៀមបែបណានៅពេលដែលថៃទៅប្រាប់បារាំងបែបនេះ?
ឆាំង យុ/នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា៖ ប្រទេសកម្ពុជាគួរតែបន្តអនុវត្តវិធីសាស្រ្តដែលមានភាពចាស់ទុំ និងអត់ធ្មត់កម្រិតខ្ពស់នៅក្នុងកិច្ចពិភាក្សា — ដោយបង្ហាញឱ្យឃើញច្បាស់ៗនូវរាល់ការរំលោភបំពានទាំងអស់ទៅលើកិច្ចព្រមព្រៀង បទដ្ឋាន និងច្បាប់អន្តរជាតិ ព្រមទាំងខិតខំធានាថា អង្គហេតុពិតប្រាកដត្រូវបានបង្ហាញទៅកាន់ពិភពលោកយ៉ាងច្បាស់ ត្រឹមត្រូវបំផុត។

រូបភាព៖ នាយករដ្ឋមន្ត្រីថៃអានុទីន បានធ្វើដំណើរទៅដល់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីត្រៀមខ្លួនចូលរួមជំនួបពិភាក្សាជាមួយប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ និងអគ្គនាយកនៃអង្គការយូណេស្កូ ក្នុងគោលបំណងគាំទ្រដល់សន្តិសុខថាមពល និងលើកកម្ពស់វប្បធម៌របស់ប្រទេសថៃនៅលើឆាកអន្តរជាតិ។ កាសែតអនឡាញថៃរ៉ាត់, ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ម៉ោង ១៤:៥៨ (ម៉ោងនៅក្នុងប្រទេសថៃ)

Leave a Reply

Your email address will not be published. Required fields are marked *