មីទ្ទិញអបអរខួបទី១៦៣ ទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភាឆ្នាំ២០២៦ នៅខេត្តបន្ទាយមានជ័យ អង្គាសបាន១៨មុឺនដុល្លាសរអា

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៦ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានប្រារព្ធមីទ្ទិញថ្នាក់ខេត្តអបអរសាទរខួបទី ១៦៣ ទិវា ពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ ” បន្តរួម កម្លាំង គ្នា ដើម្បីមនុស្សធម៌ ” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ។
ក្នុងនោះ អង្គាសជំនួយសប្បុរសបានគិតជាប្រាក់ប្រមាណ១៨ម៉ឺនដុល្លាសរអា ។

លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យឲ្យដឹងថា : កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌បំពេញតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ។ ជាក់ស្តែង ចាប់ពីខែឧសភាឆ្នាំ២០២៥ ដល់ខែមេសាឆ្នាំ២០២៦ សាខាបានយកចិត្តទុកដាក់ ធ្វើកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀតជាមួយអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់សប្បុរសជន និងផ្នែកពាក់ព័ន្ធក្នុងការឆ្លើយតបផ្តល់អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ បានចំនួន ១២ ៤៩១គ្រួសារនិងស័ង្កសីចំនួន ១៣ ២០៣ ក្នុងនោះមានខ្យល់កន្ត្រាក់ ជនភៀសសឹក យុទ្ធជនពលី ទឹកជំនន់ អគ្គិភ័យ ស្លាប់ដោយសារលង់ទឹកនិងគ្រួសារក្រីក្រ។

ដើម្បីរួមចំណែកលើកកម្ពស់តម្លៃមនុស្សធម៌សាខាបានផ្ដល់កញ្ចប់ទ្រទ្រង់សុខភាពមាតាទារកនិងកុមារ ចំនួន ៧៩៥កញ្ចប់ បានផ្តល់អំណោយមនុស្សធម៌ ជូនអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន៥០កញ្ចប់និងរទេះជនពិការចំនួន៣៧គ្រឿង។
ជាក់ស្ដែងសាខាបានខិតខំបំពេញបេសកកម្មមនុស្សធម៌យ៉ាងសកម្មក្នុងកំឡុងពេលជម្លោះព្រំដែនកម្ពុជាថៃដើម្បីជួយដល់ជនភៀសសឹក ក្នុងការឆ្លើយតបស្បៀងការសម្រុះសម្រួលនិងការអប់រំផ្សព្វផ្សាយពីអនាម័យសុខភាពនៅតាមជំរំទូទាំងខេត្តបន្ទាយមានជ័យ។

លោកអ៊ុំ រាត្រី ថ្លែងអំណរគុណ អំណរព្រះគុណថា : ” ធនធាន ថវិកានិងសម្ភារៈដែលព្រះតេជគុណ ឯកឧត្តម លោកជំទាវលោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាអស់លោកលោកស្រីអ្នកនាងកញ្ញាបានផ្តល់មកសាខាគឺពិតជាមានតម្លៃថ្លៃខ្លាំងបំផុតក្នុងការឆ្លើយតបទៅនឹងស្ថានភាពលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ជម្លោះព្រំដែននិងវិបត្តិផ្សេងៗនៅក្នុងខេត្តបន្ទាយមានជ័យ” ។

នាឱកាសនោះ លោក ឌិតទីណា បានមានប្រសាសន៍ថា : សមិទ្ធផល និងស្នាដៃដែលសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យសម្រេចបាននាពេលកន្លងមកនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពសង្គមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមមូលដ្ឋាន ។
លោក ឌិតទីណា បានបន្តថា: នេះជាការចូលរួមចំណែកធ្វើឲ្យកម្ពុជា ធានានិងរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ឈានឆ្ពោះទៅការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋសម្រាប់កសាងសង្គមមួយឲ្យមានភាពរីកចម្រើនប្រកបដោយចិរភាព។

សូមបញ្ជាក់ថា ក្នុងអង្គមីទ្ទិញនោះ បានទទួលជំនួយសប្បុរសជន គគ្រប់មជ្ឈដ្ឋានដែលចូលរួមបរិច្ចាគសម្ភារ: ថវិកា ធនធានគិតជាប្រាក់ដុល្លាសរអា ជាបឋមនៅក្នុងថ្ងៃនេះ ចំនួន១៨មុឺន ដុល្លារសហរដ្ឋអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *