​លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាល និងនាំយកអំណោយសម្តេចធិបតី ជូនគ្រួសារអតីតយុទ្ធជនពលី ដែលទទួលបានផ្ទះថ្មី នៅក្រុងស្ទឹងសែន ​

​(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដើម្បីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានប្រចាំការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត តំណាង ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានដឹកនាំសហការីចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ផ្តល់ជូនគ្រួសារអតីតយុទ្ធជនពលី។
​កម្មវិធីនេះត្រូវបានរៀបចំឡើងនៅផ្ទះរបស់ លោកស្រី អ៊ុល សុខនី ភរិយាសពអតីតយុទ្ធជនពលី រស់នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
​លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កន្លងមកលោកស្រី អ៊ុល សុខនី មានជីវភាពខ្វះខាត និងខ្វះជម្រកស្នាក់នៅសមរម្យ។ ដោយមើលឃើញពីការលំបាកនេះ គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត បានសាងសង់ផ្ទះថ្មីមួយខ្នងជូនគាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
​ក្នុងឱកាសនោះ លោកមេបញ្ជាការ បានផ្ដាំផ្ញើដល់ក្រុមគ្រួសារនូវចំណុចសំខាន់ៗ រួមមាន៖
​ការថែទាំសុខភាព៖ ត្រូវខិតខំថែរក្សាសុខភាព និងផ្ទះសម្បែងឱ្យបានស្អាតល្អ ដើម្បីរស់នៅបានយូរអង្វែង។
​សន្តិសុខសង្គម៖ ត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
​ភាពជាពលរដ្ឋល្អ៖ បន្តចូលរួមការងារសង្គមផ្សេងៗ ប្រកបដោយសេចក្តីថ្លៃថ្នូរ ក្នុងនាមជាគ្រួសារអតីតយុទ្ធជនគំរូ។
​ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកអំណោយបន្ថែមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមមាន៖ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនលោកស្រី អ៊ុល សុខនី ផងដែរ។
​ជាកិច្ចឆ្លើយតប គ្រួសារអតីតយុទ្ធជនពលី បានសម្តែងនូវក្តីរំភើបឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ និងមិនបោះបង់អតីតយុទ្ធជន និងគ្រួសារឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *