[
កំពង់ឆ្នាំង]៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលក្រុងកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាថ្នាក់ដឹកនាំ និងសមាជិក ថ្នាក់ក្រុង និងតាមបណ្តាសង្កាត់ទាំង៤។
ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង។
លោកស្រី ប៊ន សុភី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
សកម្មភាព និងសមាសភាពអញ្ជើញចូលរួម
ក្នុងអង្គពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង គណៈអភិបាលក្រុង ប្រធានការិយាល័យ-អង្គភាពក្នុងរចនាសម្ព័ន្ធក្រុង កងកម្លាំងទាំងបីប្រភេទ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ស្មៀន និងមេភូមិគ្រប់ភូមិផងដែរ។
ការប្រកាសសមាសភាពនាពេលនេះ គឺធ្វើឡើងដើម្បី៖
ពង្រឹងរចនាសម្ព័ន្ធដឹកនាំ របស់សមាគមអតីតយុទ្ធជនកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព ចាប់ពីថ្នាក់ក្រុង រហូតដល់មូលដ្ឋានសង្កាត់។
លើកកម្ពស់ការយកចិត្តទុកដាក់ ទៅលើសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិមាតុភូមិ។
បង្កើនកិច្ចសហការ រវាងអាជ្ញាធរដែនដី និងសមាគម ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលានូវរាល់តម្រូវការ និងបញ្ហាប្រឈមនានារបស់សមាជិកសមាគម។
”អតីតយុទ្ធជន គឺជាអ្នកដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍជាតិ ដូច្នេះការរៀបចំរចនាសម្ព័ន្ធដឹកនាំនេះ គឺជាការបង្ហាញពីការដឹងគុណ និងការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់រាជរដ្ឋាភិបាល”។
ជាទីបញ្ចប់ ថ្នាក់ដឹកនាំអធិបតីក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់សមាសភាពដែលទើបតែទទួលការតែងតាំងថ្មី ត្រូវខិតខំបំពេញភារកិច្ចឱ្យបានល្អ ជាសេនាធិការដ៏រឹងមាំក្នុងការបម្រើសេវា និងជួយជ្រោមជ្រែងបងប្អូនអតីតយុទ្ធជននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ៕ដោយ អ៊ួង សុផាត

