(មណ្ឌលគិរី)៖ រថយន្តខ្នាតធំចំនួន ៧គ្រឿង ដែលដឹកជញ្ជូនឈើពេញៗ ចេញពីស្រុកកោះញែក ឆ្លងកាត់ខេត្តមណ្ឌលគិរី ក្នុងគោលដៅទៅកាន់បណ្តាខេត្តផ្សេងៗ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់សួរនាំ នៅចំណុចស្រុកកែវសីមា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦។
ជុំវិញករណីនេះ ប្រជាពលរដ្ឋបានសម្តែងការងឿងឆ្ងល់ និងសំណូមពរដល់ស្ថាប័នជំនាញពាក់ព័ន្ធក្នុងខេត្តមណ្ឌុលគីរី
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
មន្ទីរបរិស្ថាន
និងខណ្ឌរដ្ឋបាលព្រៃឈើ
សូមមេត្តាជួយពិនិត្យ និងបំភ្លឺថា តើការដឹកជញ្ជូនឈើតាមរថយន្តខ្នាតយក្សយ៉ាងគគ្រឹកគគ្រេងតាមដងផ្លូវសាធារណៈនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវដែរឬទេ? ព្រោះកន្លងមក គេតែងតែសង្កេតឃើញសកម្មភាពបែបនេះកើតឡើងជាហូរហែ ដែលជាក្តីបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ធនធានធម្មជាតិ។
ពាក់ព័ន្ធនឹងការឃាត់រថយន្តដឹកឈើទាំង ៧គ្រឿងខាងលើនេះ លោក នាង វណ្ណៈ នាយករដ្ឋបាលខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់នៅរសៀលថ្ងៃដដែលថា លោកមិនទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយទេ ដោយសារលោកទើបតែធ្វើដំណើរត្រឡប់មកពីភ្នំពេញ។ ទោះជាយ៉ាងណា លោកនឹងសួរនាំទៅកាន់មន្ត្រីជំនាញ ដើម្បីស្រាវជ្រាវលើករណីនេះ។
ជាមួយគ្នានេះ មហាជនក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី បានលើកម្រាមដៃដប់សំពះអង្វរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាជួយទប់ស្កាត់បទល្មើសព្រៃឈើឱ្យមានប្រសិទ្ធភាពបំផុត។ ពួកគាត់បារម្ភថា ប្រសិនបើគ្មានការវិធានការតឹងរ៉ឹងទេ ព្រៃឈើដែលជាសម្បត្តិដ៏មានតម្លៃរបស់ជាតិ នឹងត្រូវវិនាសហិនហោចអស់នាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

