ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថា មិនមានមន្ត្រីទូតចិនអមដំណើរជនជាតិចិនម្ចាស់សណ្ឋាគារហែង ហ្វាងនៅថ្មដាដែលយោធាថៃឈ្លានពាននិងកាន់កាប់នោះទេ

ដោយ : ភ្នំធំ /  ពោធិសាត់.:លោកវ៉ាង វិនប៊ិន(Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាកាលពីថ្ងៃទី២០ខែសីហាឆ្នាំ២០២៦ បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍ថា មន្ត្រីមកពីស្ថានទូតចិនប្រចាំនៅកម្ពុជាបានអមដំណើរម្ចាស់សណ្ឋាគារហេងហ្វាងជនជាតិចិនទៅកាន់តំបន់ព្រំដែនថ្មដា។

ស្ថានទូតចិនប្រចាំនៅកម្ពុជាប្រកាសថា របាយការណ៍ខាងលើមិនពិតទេ ហើយមិនបានបញ្ជូនបុគ្គលិកណាមួយទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃដែលបានរៀបរាប់ខាងលើនាពេលថ្មីៗនេះទេ។

យើងសង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនិងមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋាននឹងផ្ទៀងផ្ទាត់ប្រភពព័ត៌មានដោយប្រុងប្រយ័ត្ន ហើយមិនជឿ ឬផ្សព្វផ្សាយព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ដោយងាយនោះទេ។

ការបំភ្លឺនេះរបស់ស្ថានទូតចិនធ្វើឡើងចំពេលមានការចាប់អារម្មណ៍លើករណីសណ្ឋាគារ Heng Fang និងម្ចាស់ជនជាតិចិនរបស់សណ្ឋាគារនេះ ដែលបានចោទថា កងទ័ពថៃបានចូលកាន់កាប់អចលនទ្រព្យរបស់ខ្លួននៅលើទឹកដីកម្ពុជា ក្នុងតំបន់ថ្មដា។

សារព័ត៌មានភ្នំពេញប៉ុស្តិ៍បានផ្សាយថា: ការអះអាងរបស់ថៃដែលប្រើពាក្យ «ខ្សែទីតាំងឈរជើងកងទ័ព» (Troop Deployment Line) ដើម្បីពន្យល់អំពីការបន្តមានវត្តមានយោធានៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ កំពុងស្ថិតក្រោមការចោទសួរជាថ្មី បន្ទាប់ពីម្ចាស់សណ្ឋាគារ ហេង ហ្វាង (Heng Fang Hotel) ជាជនជាតិចិន បានចោទកងទ័ពថៃថា ចូលកាន់កាប់អចលនទ្រព្យរបស់ខ្លួននៅកម្ពុជា ខណៈរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរថា កងទ័ពថៃកំពុងកាន់កាប់ទឹកដីអធិបតេយ្យរបស់កម្ពុជាដោយខុសច្បាប់ ហើយព្រំដែនអន្តរជាតិមិនអាចផ្លាស់ប្តូរដោយកម្លាំងបានឡើយ។

ជម្លោះជុំវិញម្ចាស់សណ្ឋាគារ ហេង ហ្វាង នៅឃុំថ្មដា ស្រុកវាលវែង កាន់តែធ្វើឱ្យបញ្ហាអធិបតេយ្យភាពនៅតំបន់នេះលេចធ្លោឡើង បន្ទាប់ពីភាគីថៃកាលពីថ្ងៃទី១៩ ខែសីហា បានច្រានចោលការចោទប្រកាន់ថា កងទ័ពរបស់ខ្លួនបានរឹបអូសដី និងទ្រព្យសម្បត្តិរបស់វិនិយោគិនចិន។

សូមរំលឹកថា តាមការចុះផ្សាយរបស់សារព័ត៌មានថៃ ឌឹ ណេសិន(The Nation) លោកថា ទីតាំងអចលនទ្រព្យ ម្ចាស់កម្មសិទ្ធិស្របច្បាប់ ដែនសមត្ថកិច្ច និងស្ថានភាពរបស់តំបន់ត្រូវកំណត់តាមឯកសារ ភស្តុតាង និងយន្តការរដ្ឋាភិបាលទាំងពីរ។

លោក Prapas Sornchaidee ឧត្តមសេនីយ៍ទោអាកាស ជំនួយការអគ្គមេបញ្ជាការកងទ័ពអាកាសថៃ និងជានាយកមជ្ឈមណ្ឌលព័ត៌មានរួម (JIC) ស្តីពីស្ថានការណ៍ថៃ-កម្ពុជា បានប្រាប់សារព័ត៌មានថៃថា បញ្ហាកម្មសិទ្ធិឯកជនគួរត្រូវបំបែកចេញពីបញ្ហាទីតាំងកងទ័ពនិងអធិបតេយ្យភាព។

លោកត្រូវបានដកស្រង់សម្តីថា៖ «បញ្ហាទាំងនេះត្រូវពិភាក្សាតាមរយៈឯកសារ កូអរដោនេ ភស្តុតាង និងយន្តការអន្តររដ្ឋាភិបាល។ កាមេរ៉ា សម្ពាធសាធារណៈ ឬការប្រើពាក្យថា “ការឈ្លានពាន” មិនអាចកំណត់ព្រំដែនបានទេ»។

ផ្ទុយទៅវិញ កម្ពុជាអះអាងច្បាស់លាស់ថា ឯកសារច្បាប់ និងផែនទី ជាពិសេសអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ និងផែនទីខ្នាត ១:២០០ ០០០ ដែលបង្កើតឡើងដោយគណៈកម្មការកំណត់ព្រំដែន បានកំណត់តំបន់ថ្មដា និងទីតាំងពាក់ព័ន្ធនៅក្នុងទឹកដីអធិបតេយ្យរបស់កម្ពុជា។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១០ ខែសីហា បានចោទថា កងទ័ពថៃនៅតែបន្តសាងសង់លេណដ្ឋានយោធាថ្មីនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា ដោយចាត់ទុកសកម្មភាពនេះថា ជាការរំលោភចូលទឹកដីកម្ពុជា។
ក្រសួងបានបញ្ជាក់ថា តំបន់ទាំងនោះ «ស្ថិតទាំងស្រុងក្នុងទឹកដីអធិបតេយ្យរបស់កម្ពុជា» ហើយបានចាត់ទុកសកម្មភាពរបស់ថៃថា ជាការព្យាយាមពង្រឹង «ការកាន់កាប់ដោយខុសច្បាប់»។ កម្ពុជាក៏បានបញ្ជាក់ថា ខ្លួននឹងមិនទទួលស្គាល់ «ខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយដែលកំណត់ដោយឯកតោភាគីពីភាគីថៃ» នោះទេ និងថា ព្រំដែនអន្តរជាតិ «មិនអាចផ្លាស់ប្តូរដោយកម្លាំង»។

សូមបញ្ជាក់បន្ថែមថា ករណីសណ្ឋាគារ ហេង ហ្វាង
ការឆ្លើយតបរបស់ថៃកើតឡើងក្រោយមានសេចក្តីរាយការណ៍ថា ម្ចាស់សណ្ឋាគារ ហេង ហ្វាង បាននាំមន្ត្រីស្ថានទូតចិនប្រចាំកម្ពុជាទៅពិនិត្យតំបន់ និងទាមទារឱ្យប្រគល់អចលនទ្រព្យរបស់ខ្លួនវិញ។

លោក Prapas បានព្រមានថា វត្តមានរបស់មន្ត្រីការទូតចិនមិនគួរត្រូវបកស្រាយថា រដ្ឋាភិបាលចិនគាំទ្រការអះអាងទឹកដីរបស់វិនិយោគិននោះទេ។
លោកថា៖ «វិនិយោគិនមានសិទ្ធិធ្វើការទាមទារ ប៉ុន្តែគ្មាននរណាម្នាក់មានសិទ្ធិបម្លែងការចោទប្រកាន់ទៅជាការពិត ហើយក៏គ្មាននរណាអាចផ្លាស់ប្តូរព្រំដែនតាមរយៈការបង្ហោះលើបណ្ដាញសង្គមបានដែរ»។

សូមរំលឹកថា ម្ចាស់សណ្ឋាគារ លោក ហ្វាង ធ្លាប់អះអាងកាលពីខែកុម្ភៈថា កងទ័ពថៃបានហ៊ុមព័ទ្ធសណ្ឋាគាររបស់លោកដោយលួសបន្លា បន្ទាប់ពីលោក និងបុគ្គលិកភៀសខ្លួនចេញអំឡុងការប្រយុទ្ធនៅខែធ្នូ ឆ្នាំ២០២៥។
លោកអះអាងថា នៅពេលត្រឡប់ទៅពិនិត្យទីតាំងក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ កុំព្យូទ័រ ទូរទស្សន៍ ទូទឹកកក ម៉ូតូ ម៉ាស៊ីនបោកគក់ និងវត្ថុមានតម្លៃក្នុងទូដែកបានបាត់បង់ ហើយលោកបានហៅអ្វីដែលខ្លួនបានឃើញថា ជា «អំពើប្លន់»។

ភាគីថៃបានបដិសេធការចោទប្រកាន់អំពីការឈ្លានពាននិងការលួចទ្រព្យសម្បត្តិ។
ករណីនេះបានធ្វើឱ្យមានសំណួរធំជាងជម្លោះកម្មសិទ្ធិឯកជនមួយ៖ តើទីតាំងយោធាដែលកើតឡើងក្រោយការប្រយុទ្ធអាចត្រូវចាត់ទុកជាស្ថានភាពព្រំដែនស្របច្បាប់បានឬទេ ខណៈខ្សែព្រំដែនអន្តរជាតិមិនត្រូវបានផ្លាស់ប្តូរ?

Leave a Reply

Your email address will not be published. Required fields are marked *