ឃាត់រថយន្តដឹកអង្កាមកែច្នៃខុសបច្ចេកទេសជាច្រើនគ្រឿង យកមកកាត់ទ្រុងតម្រូវតាមស្តង់ដារវិញ នៅកំពង់ឆ្នាំង


​(កំពង់ឆ្នាំង)៖ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលចរាចរណ៍ខេត្ត បានរៀបចំពិធីកាត់ទ្រុងរថយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេស ដើម្បីតម្រូវឱ្យស្របតាមស្តង់ដារឡើងវិញ កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។
​ពិធីនេះបានប្រព្រឹត្តទៅក្រោមការអញ្ជើញចូលរួមត្រួតពិនិត្យផ្ទាល់ពី ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ, លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងប្រធានមន្ទីរ មន្ត្រីជំនាញ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូប។
​លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានរាយការណ៍ថា រថយន្តដឹកអង្កាមទាំងនេះ ត្រូវបានសមត្ថកិច្ចចម្រុះស្ទាក់ចាប់បានជាបន្តបន្ទាប់ នៅលើដងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥៣។ លោកបានបញ្ជាក់ថា រថយន្តល្មើសទាំងនោះបានតទ្រុងវែងទៅក្រោយលើសប្រវែងច្បាប់កំណត់ពី ២,៥ ម៉ែត្រ ទៅ ៣ ម៉ែត្រ, តកម្ពស់ឡើងលើជាង ២ ម៉ែត្រ និងតលានចេញទៅចំហៀងខាងលើប្រវែងជាងកន្លះម៉ែត្រ ដែលការកែច្នៃទាំងនេះគឺខុសលក្ខណៈបច្ចេកទេសទាំងស្រុង។
​ចំពោះវិធានការច្បាប់ មន្ត្រីជំនាញនឹងធ្វើការកាត់ទ្រុងរថយន្តទាំងនោះតម្រូវតាមស្តង់ដារបច្ចេកទេសឡើងវិញ ទើបអនុញ្ញាតឱ្យបន្តដំណើរទៅមុខទៀត។ ដោយឡែកសម្រាប់រថយន្តដែលមានផ្ទុកអង្កាមពេញ ម្ចាស់រថយន្តត្រូវរកយានយន្តផ្សេងមកសាងផ្ទេរទំនិញចេញជាមុនសិន ទើបសមត្ថកិច្ចចាត់ការកាត់ទ្រុងតាមនីតិវិធី។
​នាឱកាសនោះដែរ ប្រធានមន្ទីរសាធារណការខេត្ត ក៏បានអំពាវនាវដល់បងប្អូនម្ចាស់យានយន្តទាំងអស់ ត្រូវបញ្ឈប់ការកែច្នៃ ឬតទ្រុងខុសលក្ខណៈបច្ចេកទេសបែបនេះតទៅទៀត ព្រោះវាអាចបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងបាត់បង់សុវត្ថិភាពក្នុងការបើកបរលើដងផ្លូវ។
​បើតាមការបញ្ជាក់ពីអ្នកបើកបររថយន្តល្មើសបានឱ្យដឹងថា ពួកគាត់បានដឹកអង្កាមចេញពីខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ សំដៅទៅកាន់ខេត្តកំពត ដើម្បីផ្គត់ផ្គង់ឱ្យរោងចក្រមួយសម្រាប់កែច្នៃធ្វើជាស៊ីម៉ង់ត៍។ ប្រភពដដែលបានបន្ថែមថា បច្ចុប្បន្នមានរថយន្តប្រភេទកែច្នៃដឹកអង្កាមខុសច្បាប់បែបនេះរាប់សិបគ្រឿង កំពុងចរាចរណ៍នៅលើដងផ្លូវពីបណ្តាខេត្តទាំងបីឆ្ពោះទៅកាន់ខេត្តកំពត៕

Leave a Reply

Your email address will not be published. Required fields are marked *