លោកក សាយ គឹមឡម៖ សាងសង់ផ្លូវក្នុងមូលដ្ឋាន ត្រូវផ្ដោតលើគុណភាព ជាងបរិមាណ និងត្រូវគិតគូរប្រព័ន្ធរំដោះទឹក

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់អាជ្ញាធរឃុំ ត្រូវសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានខ្លួន ដោយផ្ដោតសំខាន់លើគុណភាពជាចម្បងជាងបរិមាណ។

​ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុង ពិធីដេញថ្លៃសាងសង់គម្រោងមូលនិធិឃុំ ឆ្នាំ២០២៦ របស់ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានរៀបចំឡើងនៅសាលាឃុំពពក កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

​លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា ទោះជាប្រភេទផ្លូវដីស ក្រួសក្រហម បេតុង ឬផ្លូវកៅស៊ូក៏ដោយ អាជ្ញាធរ និងគណៈកម្មការលទ្ធកម្មឃុំ ត្រូវពិនិត្យលទ្ធភាពជាក់ស្ដែងឱ្យអស់លទ្ធភាពក្នុងការធ្វើលូប្រអប់ឱ្យបានធំទូលាយ ដើម្បីងាយស្រួលក្នុងការរំដោះទឹកជំនន់ ឬបញ្ចៀសការកកស្ទះនានា។ លោកបន្ថែមថា នេះជាកត្តាចូលរួមចំណែកយ៉ាងធំធេង ក្នុងការថែរក្សាគុណភាពផ្លូវឱ្យប្រើប្រាស់បានយូរអង្វែង។

​ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់អាជ្ញាធរឃុំពពក ត្រូវតាមដានត្រួតពិនិត្យដំណើរការសាងសង់ឱ្យបានហ្មត់ចត់បំផុត ចាប់តាំងពីថ្ងៃបើកការដ្ឋានរហូតដល់ថ្ងៃសម្ពោធសមិទ្ធផល ដើម្បីធានាបាននូវសំណង់ផ្លូវស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យា ជូនប្រជាពលរដ្ឋប្រើប្រាស់។

​ទន្ទឹមនឹងនេះ លោកអភិបាលស្រុក ក៏បានកោតសរសើរខ្ពស់ចំពោះនីតិវិធីនៃដំណើរការដេញថ្លៃគម្រោងនាឱកាសនេះ ដែលបានប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងតម្លាភាពបំផុត ក្រោមការដឹងឮពីគណៈអធិបតី ភ្ញៀវកិត្តិយស អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានជាច្រើនអង្គភាព។

ជាទីបញ្ចប់ លោក សាយ គឹមឡម បានផ្ដាំផ្ញើដល់អាជ្ញាធរឃុំនូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖

  • ពង្រឹងការផ្ដល់សេវាសាធារណៈ៖ កែលម្អរាល់ចំណុចខ្វះខាត និងភាពអវិជ្ជមានកន្លងមកឱ្យបានទាន់ពេលវេលា។
  • រក្សាសន្តិសុខសណ្តាប់ធ្នាប់៖ បន្តថែរក្សាសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។
  • បង្កើនការសហការ៖ រួមគ្នាជាមួយប្រជាពលរដ្ឋក្នុងការថែរក្សាសម្បត្តិសាធារណៈ ដីចំណីផ្លូវ និងការងារបរិស្ថាន អនាម័យ ឱ្យបានជាប់ជាប្រចាំ។

Leave a Reply

Your email address will not be published. Required fields are marked *