ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ បានរៀបចំកិច្ចប្រជុំជួរទ័ព ដើម្បីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រកាសញត្តិគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងយោធិនក្រោមឱវាទជាច្រើនរូប។
ការចេញប្រកាសគាំទ្រនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជូនដំណឹងទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ (UNCLOS)។
ចំណាត់ការផ្លូវច្បាប់អន្តរជាតិនេះ ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីភាគីថៃបានប្រកាសដកខ្លួនឯកតោភាគី ពីអនុសរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ (MOU 2001) ដែលជាមូលដ្ឋានគតិយុត្តតែមួយគត់ សម្រាប់ការចរចាទ្វេភាគី ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី លើតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា (OCA) អស់រយៈពេលជាង ២៥ ឆ្នាំកន្លងមកនេះ។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយយ៉ាងក្បោះក្បាយនូវសភាពការណ៍វិវត្តន៍ថ្មីៗ ទាំងនៅក្នុងតំបន់ និងការអភិវឌ្ឍរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយគ្នានេះ លោកមេបញ្ជាការក៏បានជម្រាបជូនយោធិនទាំងអស់ អំពីសភាពការណ៍ចុងក្រោយ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមពីជំហរដាច់ខាត និងសាមគ្គីភាពធ្លុងមួយ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការប្រឆាំងតទល់តាមគ្រប់រូបភាព ចំពោះការឈ្លានពានណាមួយលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ លោកបានបង្ហាញពីជំហរដ៏មុតមាំរបស់ប្រជាជនកម្ពុជា ក្នុងការរួមគ្នាធ្វើពហិការមិនប្រើប្រាស់ទំនិញរបស់ប្រទេសថៃ ដើម្បីឆ្លើយតបទៅនឹងទង្វើរបស់ភាគីម្ខាងទៀត។
ជាទីបញ្ចប់ យោធិនគ្រប់រូបៗនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តយ៉ាងឱឡារិក និងប្រកាសគាំទ្រយ៉ាងពេញទំហឹង ដោយគ្មានលក្ខខណ្ឌ ចំពោះប្រសាសន៍ដឹកនាំ និងចំណាត់ការដ៏ត្រឹមត្រូវ ច្បាស់លាស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិមាតុភូមិ៕

