ដោយ : ភ្នំធំ / ភ្នំពេញ :រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក លោកបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ឧបនាករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុវជននិងកីឡាបានចូលជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីការអប់រំ” និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានប្រតិភូកីឡាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសសាធារណៈ និងឯកជន កីឡាករ កីឡាការិនី ភ្ញៀវកិត្តិយស និងសិស្សានុសិស្សជាច្រើនរូប។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសហព័ន្ធកីឡាជាតិទាំង ១២ រៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលបានកំណត់យកប្រភេទកីឡាចំនួន ១២ រួមមាន៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ការ៉ាតេ និងគុនដាវ ស្មើនឹង ១០០ វិញ្ញាសា ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមប្រកួតសរុប ១ ៨៧៦ នាក់ ស្រី ៤៧៨ នាក់ កើនឡើងចំនួន ១១២ នាក់ (លើវិញ្ញាសាបាល់ទាត់នារី ៦ ក្រុម) ធៀបនឹងឆ្នាំ ២០២៤ ព្រមទាំងមានការចូលរួមមកពី ៤៣ គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ដោយក្នុងនោះ មានគ្រឹះស្ថានសិក្សាសាធារណៈចំនួន ១៩ និងគ្រឹះស្ថានសិក្សាឯកជនចំនួន ២៤។
ក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសដែលបានខិតខំជំរុញសកម្មភាពកីឡាក្រៅម៉ោងសិក្សា និងផ្តល់អាហារូបករណ៍ដល់កីឡាករ-កីឡាការិនី ឱ្យមានឱកាសទទួលបានការអប់រំកម្រិតខ្ពស់ ប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។ ការចូលរួមចំណែកយ៉ាងសកម្មនេះ មិនត្រឹមតែជាការលើកទឹកចិត្តដល់យុវជនជម្រើសជាតិ និងយុវជនមានទេពកោសល្យប៉ុណ្ណោះទេ ថែមទាំងជាការវិនិយោគដ៏មានតម្លៃ ក្នុងការកសាងធនធានមនុស្សប្រកបដោយសក្តានុពល ទាំងចំណេះដឹង សុខភាព កាយសម្បទា និងសីលធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍមូលធនមនុស្ស។ ការប្រកួតកីឡាថ្នាក់ជាតិនាពេលនេះ ជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការត្រៀមខ្លួនឱ្យកាន់តែល្អប្រសើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ធំៗចំនួនពីរ៖ ១)ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ និង២) ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១។
ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងដើរតួនាទីជាសេនាធិការដ៏សកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយ រាជរដ្ឋាភិបាលបានកំណត់យក «មនុស្ស» ជាអាទិភាពចម្បងបំផុត ក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។ ដើម្បីឆ្លើយតបទៅនឹងទិសដៅយុទ្ធសាស្ត្រជាតិនេះ ក្រសួង បានដាក់ចេញនូវរបៀបវារៈកំណែទម្រង់គន្លឹះចំនួន ៨ ចំណុច ក្នុងនោះ មុំអាទិភាទី៨ គឺ «ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា»។ ក្នុងន័យនេះ ខ្ញុំសូមផ្តល់ជាអនុសាសន៍នូវ សម្រាប់កំណែទម្រង់វិស័យអប់រំកាយ និងកីឡា ដូចខាងក្រោម៖ ការកែទម្រង់ការគ្រប់គ្រង និងរចនាសម្ព័ន្ធដឹកនាំ, ការកែទម្រង់ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស, ការកែទម្រង់រៀបចំការប្រកួតគ្រប់កម្រិត, ការកែទម្រង់ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា, ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងស្ថិតិកីឡា និងការពង្រឹងសុចរិតភាព និងយុត្តិធម៌ក្នុងកីឡា ជាពិសេសការប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់ (Anti-Doping)។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិ០០សូមថ្លែងអំណរគុណដល់ដៃគូឧបត្ថម្ភ ដែលបានចូលរួមឧបត្ថម្ភគាំទ្រសកម្មភាពកីឡារបស់ជាតិនាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី សាកលវិទ្យាធិការ នាយក និងនាយិកា ក្នុងការបណ្តុះបណ្តាលចំណេះដឹង និងជំនាញបច្ចេកទេសដល់យុវជនយើង ព្រមទាំងបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីឱ្យការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡានៅក្នុងគ្រឹះស្ថានសិក្សាកាន់តែមានលក្ខណៈពេញលេញ រួមមាន៖
– ការពង្រឹង និងពង្រីកក្លិបកីឡាក្នុងគ្រឹះស្ថានសិក្សា ដោយត្រូវបន្តបន្តជំរុញចលនា«សិស្សនិស្សិតម្នាក់ លេងកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត»
– ការរៀបចំការប្រកួតកីឡាឱ្យបានទៀងទាត់
– ការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា
– ការដាក់ចេញគោលនយោបាយលើកទឹកចិត្ត៕

