កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិនិងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្ដចុះត្រួតពិនិត្យទីតាំងស្នាក់នៅរបស់ជនបរទេសនិងសង្ស័យលបលួចប្រព្រឹត្តបទល្មើស ៥ទីតាំង​​​​

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក មួង សុធា, ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន ព្រះរាជឣាជ្ញារង នៃឣយ្យការឣមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យទីតាំងស្នាក់នៅចំនួន៥ទីតាំង​​ដែលសង្ស័យមានជនបរទេសស្នាក់នៅនិង​លបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ ហើយបានរកឃើញជនបរទេសស្នាក់នៅចំនួន​៨២នាក់ តែពុំរកឃើញសញ្ញាណនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ​រដ្ឋបាលទាំង៥ទីតាំងនេះ កម្លាំងជំនាញចម្រុះ បានត្រួតពិនិត្យទីតាំងអគារ KTV X.Star ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញរថយន្តចំនួន ១០គ្រឿង ក្នុងនោះរថយន្តចំនួន ២គ្រឿង មានវត្ថុតាង សម្ភារៈមួយចំនួន ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន រួមមាន ៖ រថយន្តម៉ាក GAC ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2CC-6101 រកឃើញប្រអប់ពណ៌ខ្មៅ ចំនួន១ នៅក្នុងប្រអប់ដាក់សម្ភារៈផ្នែកកណ្ដាលនៃរថយន្ត (Console box) នៅក្នុងប្រអប់ខ្មៅឃើញមាន បន្ទះអាលុយមីញ៉ូមចំនួន ១បន្ទះ និងមានសំណល់ម្សៅពណ៌ស។

ជនសង្ស័យឈ្មោះ GUO HAN SHENG ភេទប្រុស ជនជាតិចិន សញ្ជាតិតៃវ៉ាន់ បានធ្វើតេស្តទឹកនោម បានរកឃើញ (វិជ្ជមាន)​ មានសារធាតុញៀន (ប្រភេទ​ កេតាមីន K) ដែលជាម្ចាស់ រថយន្ត មានលិខិតឆ្លងដែន ១ក្បាល ទូរស័ព្ទដៃចំនួន ៤គ្រឿង ប័ណ្ណការងារចំនួន ៤សន្លឹក​​ ក្នុងរថយន្តម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-8588 បានរកឃើញពិលឆក់ ពណ៌ខ្មៅចំនួន ១គ្រឿង ទូរស័ព្ទម៉ាក iPhone7 ពណ៌ខ្មៅចំនួន ១គ្រឿង និងទូរស័ព្ទម៉ាក iPhone X ពណ៌ខ្មៅ ចំនួន១គ្រឿង អាវក្រោះពណ៌ខ្មៅ ចំនួន១ ដំបងជ័រពណ៌ខ្មៅចំនួន ១។

បច្ចុប្បន្ន​​ ជនបរទេសទាំងអស់ បានប្រគល់ជូនផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី​​​​ ចំណែករថយន្តបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *