បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ជួបបុគ្គលិកអប់រំ និងផ្តល់កម្រងវិញ្ញាសាសម្រាប់ត្រៀមប្រឡងបាក់ឌុបដល់សិស្សថ្នាក់ទី១២ ទូទាំងខេត្តបន្ទាយមានជ័យ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកាលពីរសៀលថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលជាមួយបុគ្គលិកអប់រំ និងផ្តល់កម្រងវិញ្ញាសាសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សថ្នាក់ទី១២ ទូទាំងខេត្តបន្ទាយមានជ័យដែលជាខេត្តគោលដៅ៣ក្នុងចំណោម៧ ដែលជាប់ព្រំដែនកម្ពុជា ថៃ ហើយរងគ្រោះធ្ងន់ធ្ងរដោយថៃឈ្លានពាន។
កម្មវិធីធ្វើនៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្រុងសិរីសោភ័ណ ។

អញ្ជើញបដិសណ្ឋារកិច្ចលោកឃូ ពៅ អភិបាលរងខេត្ត តំណាងឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំខេត្ត។
ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រីនិងប្រតិភូបានពិនិត្យដំណើរការបន្ទប់ពិសោធន៍មុខវិជ្ជាថ្នាក់វិទ្យាសាស្ត្រ , បន្ទប់នៃថ្នាក់គន្លងអប់រំបច្ចេកទេសវិជ្ជាជីវ: (គណនេយ្យនិងកុំព្យួទ័រ),បន្ទប់បណ្ណាល័យនិងថ្នាក់រៀនទី១២ ។

លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានស្វាគមន៍និងរាយការណ៍ថា: គ្រឹះស្ថានសិក្សាសាធារណ:ក្នុងខេត្តនេះមានចំនួន៥១៥កន្លែង មានបុគ្គលិកអប់រំ( ពីមត្តេយ្យដល់វិទ្យាល័យ)) សរុប៥.៩៨១នាក់/ស្រី២.៩៤៣នាក់នាក់ ។
មានសិស្សសរុបចំនួន១៦៧.០០៨នាក់/ស្រី៨៤.១០៦នាក់ ។
ក្នុងនោះវិទ្យាល័យ៣០កន្លែង ។
លទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ កន្លងមកមាន៥.៥១៧នាក់ស្មើនឹង៨៥,៥២% ក្នុងនោះនិទ្ទេសA ចំនួន ១២៦នាក់ ។ ក្នុងនោះ មានបេក្ខនារីឈ្មោះឃុន ដាលីណា និទ្ទេសA លំដាប់ពិន្ទុខ្ពស់ជាងគេទូទាំងប្រទេស( ពិន្ទុ១០០) ។ ក៏មានសិស្សពូកែថ្នាក់ជាតិ ថ្នាក់ទី១២ ម្នាក់និងថ្នាក់ទី៩ ពីរនាក់។
ចំពោះអគារសិក្សាមានសរុប១.៣២១ខ្នងស្មើនឹង៦.២០៤បន្ទប់។

លោកឈូ ប៊ុនរឿង ថ្លែងបន្តថា: ក្នុងនិងក្រោយសង្គ្រាមថៃឈ្លានពាន សាលារៀនរងផលប៉ះពាល់និងទទួលបានការចងសម្ព័ន្ធមេត្រីជាមួយអង្គភាពក្រោមឱវាទក្រសួងនិងមន្ទីរអប់រំមាន២៨សាលា ក្នុងនោះទទួលបានការអភិវឌ្ឍន៍ ជួសជុល ផ្តល់ហេដ្ឋារចនាសម្ព័ន្អអប់រំនិងថវិកាសាលារៀន គ្រូ។ ហើយដំណើរការ បង្រៀន រៀននៅមណ្ឌលភៀសសឹកចំនួន៥សាលាគឺបឋមសិក្សាជោគជ័យ ព្រៃចាន់ បន្ទាយមានរឹទ្ធិ សាមគ្គិច្រកនិងអនុវិទ្យាល័យបន្ទាយមានរឹទ្ធិ។
ហើយគ្រូកិច្ចសន្យាចំនួន២៣នាក់/ស្រី១៧នាក់នៃសាលារៀនទាំង៤ ត្រូវបានរាជរដ្ឋាភិបាល តាមរយ:ក្រសួងអប់រំ យុវជននិងកីឡានិងក្រសួងមុខងារសាធារណ:ផ្តល់ក្របខ័ណ្ឌផងដែរ ។
ក្នុងនោះ ឧបនាយករដ្ឋមន្ត្រីហង់ជួន ណារ៉ុនបានផ្តល់ឧបត្ថម្ភម្ហូបអាហារ សម្ភារ:បង្រៀន រៀន ថវិកាដល់បុគ្គលិកអប់រំ ៣ប្រភេទ៤៧គ្រួសារ អស់ថវិកា១៨៩លានរៀល ។ និងថ្ងៃនេះថែម២នាក់ទៀត។

លោកបានបន្តថា : រីឯវិទ្យាល័យហ៊ុន សែនខ្លាកូន មានបុគ្គលិក៦៩នាក់/ ស្រី២៩នាក់ សិស្សសរុប១.៧៨៣នាក់/ ស្រី៩៩៥នាក់។ ថ្នាក់ទី១២ ចំនួន២៩០នាក់/ស្រី១៧២នាក់។
សិស្សភៀសសឹកចំនួន១៩នាក់។
ចំពោះកម្មវិធីសិក្សានិងបណ្តុះបណ្តាលក្នុងវិទ្យាល័យនេះ មាន១-កម្មវិធីសិក្សាចំណេះទូទៅ ២-គន្លងអប់រំបច្ចេកទេសវិជ្ជាជីវ: (គណនេយ្យនិងកុំព្យួទ័រ) ៣-កម្មវិធីអប់រំក្រៅប្រព័ន្ធ( អគ្គីសនីនិងភ្លែងកាយរឹទ្ធិ) ៤-ភាសាអង់គ្លេសក្រៅម៉ោង និង៥-ជាសាលាតម្រង់ទិសបាល់ទាត់កុមារអាយុ១២ដល់១៨ឆ្នាំ ។

ក្នុងពិធីសំណេះសំណាលនោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ក្នុងការគាំទ្រដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងអំឡុងពេលជម្លោះព្រំដែននាពេលកន្លងមក ។
ដោយក្រសួងបានចុះជួយសម្របសម្រួល និងប្រមូលសម្ភារសិក្សា គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន និងបានអំពាវនាវដល់បុគ្គលិកអប់រំ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីជួយគាំទ្រសម្របសម្រួលដល់បុគ្គលិកអប់រំ និងគ្រួសារដែលរងផលប៉ះពាល់។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សថ្នាក់ទី១២ ឱ្យប្រើប្រាស់កម្រងវិញ្ញាសានេះឱ្យមានប្រសិទ្ធភាព ដោយយកទៅអនុវត្តឱ្យបានច្រើន ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។
ក្នុងន័យនេះ ឯកឧត្តម បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ឱ្យបន្តយកចិត្តទុកដាក់បំប៉នសិស្សបន្ថែម និងបណ្ដុះស្មារតីស្នេហាជាតិ ឱ្យពួកគេក្លាយជាទំពាំងស្នងឫស្សី ប្រកបដោយសក្ដានុពល សមត្ថភាព និងសីលធម៌ល្អ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរុងរឿង។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់បន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ពនិងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព ។

ជាពិសេសក្នុងការដោះស្រាយជម្លោះនានាតាមផ្លូវច្បាប់អន្តរជាតិ និងប្រកបដោយសន្តិវិធី ដែលរក្សាជំហរយ៉ាងមុតមាំថា នឹងគោរពអធិបតេយ្យរបស់ប្រទេសជិតខាង ប៉ុន្តែមិនអនុញ្ញាតជាដាច់ខាតនូវការគំរាមកំហែង ឬការប៉ុនប៉ងរំលោភឈ្លានពានណាមួយឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *