កំពង់ធំ៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦
ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានអំពាវនាវ និងដាស់តឿនយ៉ាងទទូចដល់បងប្អូនជាមាតាបិតា និងអាណាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រៀនប្រដៅ និងអប់រំណែនាំកូនចៅឱ្យបានល្អ ដើម្បីឱ្យពួកគេក្លាយជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់សង្គមជាតិ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រសិនបើអាណាព្យាបាលមិនព្រមព្រៀនប្រដៅកូនចៅនោះទេ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជំនួសវិញ ដែលការណ៍នេះអាចនឹងនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រុមគ្រួសារបងប្អូនផ្ទាល់។
ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីមានករណីក្រុមក្មេងទំនើងចំនួន ៥នាក់ បានថតរូបបង្ហោះនៅលើបណ្តាញសង្គមអួតអាងពីភាព «ឡូយឆាយ» និងសកម្មភាពមិនសមរម្យរបស់ក្រុមខ្លួន។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចនគរបាលស្រុកប្រាសាទសំបូរ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងទាំង ៥នាក់នោះ មកចាត់វិធានការទៅតាមនីតិវិធីច្បាប់៕



