តុលាការខេត្តព្រះវិហារ សម្រេចឃុំខ្លួនជនសង្ស័យ ៣នាក់ ករណីកាប់ និងដឹកឈើខុសច្បាប់ក្នុងតំបន់ការពារ

 

ខេត្តព្រះវិហារ៖ តុលាការខេត្តព្រះវិហារ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យចំនួន ៣នាក់ នៅពន្ធនាគារខេត្ត បន្ទាប់ពីពាក់ព័ន្ធនឹងសកម្មភាពកាប់ និងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ។

យោងតាមក្រសួងបរិស្ថាន បានឱ្យដឹងថា មន្ត្រីជំនាញ និងមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចុះប្រតិបត្តិការ ត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់អូរស្កាច (តំបន់៩៤) ស្ថិតក្នុងដែនជម្រកសត្វព្រៃឆែប–ព្រះរការ ក្នុងស្រុកជាំក្សាន្ត កាលពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ រួមមាន នុត ជា, ខុន សាស និង សាន វី ដែលត្រូវបានសង្ស័យថា មានពាក់ព័ន្ធនឹងសកម្មភាពកាប់ឈើខុសច្បាប់។ បន្ទាប់មក សំណុំរឿងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ខណៈសមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតដែលអាចជាប់ទាក់ទងនឹងបណ្តាញបទល្មើសនេះ។

ប្រភពព័ត៌មានពីមន្ទីរបរិស្ថានខេត្តព្រះវិហារ បានបញ្ជាក់ថា អាជ្ញាធរនឹងបន្តអនុវត្តវិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពបន្ថែម។

Leave a Reply

Your email address will not be published. Required fields are marked *