(ខេត្តព្រះវិហារ)៖ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានផ្តល់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូជាន់ខ្ពស់ខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម Pham Anh Tuan (ហ្វាម អាញ់ទ័ន) សមាជិកគណៈមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងនាំយកពរជ័យអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្នុងជំនួបពិភាក្សាការងារនៅសាលាខេត្តព្រះវិហារ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីមិត្ត ដែលតែងតែបង្ហាញនូវមនោសញ្ចេតនាបងប្អូន និងសាមគ្គីភាពយ៉ាងស្អិតរមួត។ ជាស្តែង ក្នុងដំណើរទស្សនកិច្ចនេះ ភាគីខេត្តហ្សាឡាយបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជូនដល់ប្រជាពលរដ្ឋចំនួន ១,៥០០ គ្រួសារ នៅតាមមណ្ឌលសុវត្ថិភាព ដែលនេះគឺជាកាយវិការដ៏សប្បុរសក្នុងការរួមចំណែកសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាពពលរដ្ឋក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរយោបល់លើការងារអភិវឌ្ឍន៍ ដោយផ្តោតសំខាន់លើការអនុវត្តតាម “យុទ្ធសាស្ត្របញ្ចកោណ” ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
ជាលទ្ធផលនៃជំនួបនេះ ថ្នាក់ដឹកនាំខេត្តទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ លើគ្រប់វិស័យ ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃខេត្តទាំងពីរ ស្របតាមស្មារតីអ្នកជិតខាងល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ៕

