នៅមុនឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ រមណីយដ្ឋាន ភ្នំសន្ទុក ក្នុងខេត្តកំពង់ធំ បានត្រៀមខ្លួនយ៉ាងសកម្ម ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យបានប្រសើរឡើងទាំងផ្នែកសេវាកម្ម បរិស្ថាន និងសុវត្ថិភាព។
បងប្អូនអាជីវករ នៅតំបន់ បានរៀបចំម្ហូបអាហារប្រកបដោយអនាម័យ និងរសជាតិឆ្ងាញ់ ដូចជា មាន់ដុត ត្រីដុត និងម្ហូបប្រពៃណីផ្សេងៗ។ ពិសេស មានសេវាបញ្ជូនអាហារឡើងដល់កំពូលភ្នំ ឬកន្លែងសម្រាកជូនភ្ញៀវ ដោយរក្សាតម្លៃដដែល មិនមានការឡើងថ្លៃ ទោះជាថ្ងៃបុណ្យក៏ដោយ។
ជាមួយគ្នានេះ ក្រុមម៉ូតូឌុប—ភាគច្រើនជាស្ត្រី—បានត្រៀមសេវាដឹកភ្ញៀវឡើងចុះភ្នំ ដោយមានសុវត្ថិភាព និងតម្លៃសមរម្យ បង្កើនភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ។
តំណាងក្រុមហ៊ុនម៉ៅការ បានលើកឡើងអំពីការយកចិត្តទុកដាក់សម្អាតបរិស្ថានយ៉ាងសកម្ម តាមដងផ្លូវឡើងភ្នំ ជណ្តើរ និងតំបន់ទេសចរណ៍ទាំងមូល ដើម្បីធានាភាពស្អាត និងភាពងាយស្រួលក្នុងការធ្វើដំណើរ។ ការរៀបចំទាំងនេះ ត្រូវបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរខេត្ត និងមន្ទីរទេសចរណ៍ ដោយផ្តោតលើចំណុចសំខាន់ៗរួមមាន៖
បដិសណ្ឋារកិច្ចល្អ
អាហារសុវត្ថិភាព និងមិនឡើងថ្លៃ
បរិស្ថានស្អាត និងទាក់ទាញភ្ញៀវ
អាជ្ញាធររដ្ឋបាលឃុំកកោះ បានលើកឡើងអំពីបកម្លាំងសន្តិសុខ ប៉ុស្តិ៍នគរបាល និងប្រជាការពារភូមិ បានមានផែនការ រៀបចំសណ្ដាប់ធ្នាប់ និងការពារសុវត្ថិភាពជូនភ្ញៀវ ដើម្បីធានាថា ការធ្វើដំណើរកំសាន្តក្នុងរដូវបុណ្យនេះ ប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។
ជាមួយគ្នានេះ អាជ្ញាធរ ក៏បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ និងជៀសវាងការបើកបរ នៅពេលស្រវឹង ដើម្បីការពារសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។
លោកមេឃុំ បានលើកឡើងថា ដោយសារការត្រៀមខ្លួនយ៉ាងល្អប្រសើរនេះ ភ្នំសន្ទុក ត្រូវបានរំពឹងថា នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ដែលផ្តល់ទាំងការកំសាន្តបែបធម្មជាតិ និងវប្បធម៌ ព្រមទាំងភាពសប្បាយរីករាយ និងអារម្មណ៍សុខសាន្ត។ ជាពិសេស វិស័យទេសចរណ៍នៅទីនេះ ក៏កំពុងចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ ឲ្យកាន់តែប្រសើរឡើងផងដែរ។
ឆ្លៀតក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ អាជ្ញាធរមូលដ្ឋាន សូមជូនពរបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ធ្វើដំណើរកំសាន្តប្រកបដោយសុខសុវត្ថិភាព សុខភាពល្អ និងទទួលបានសិរីសួស្ដីឆ្នាំថ្មីគ្រប់ៗគ្នា។

