ដោយ : ភ្នំធំ / ឧត្តរមានជ័យ៖វាមិនមែនជាសាលារៀនតែមួយគត់ដែលយោធាថៃបានបាញ់ផ្លោងនិងទម្លាក់គ្រាប់ពីយន្តហោះដាក់នោះទេ ។
ជាសាលារៀនមួយក្នុងចំណោមសាលារៀនជាច្រើនដែលថៃបានវាយប្រហារដោយចេតនាដើម្បីបំផ្លិចបំផ្លាញ។
សាលាបឋមសិក្សាតាមន្តសែនជ័យស្ងិតនៅជាប់ផ្លូវជាតិលេខ៥៨ នាភូមិតាមន្តសែនជ័យឃុំគោកមនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ ។
សាលារៀនត្រូវបានបំផ្លាញទាំងស្រុង។
លើសពីនេះ អគារថ្មី ដែលសង់មិនទាន់រួច ក៏ត្រូវគ្រាប់ផ្លោងថៃខ្ទេចយ៉ាងដំណំ។ អគារថ្មីនេះ ត្រូវបានសាងសង់ដើម្បីជំនួសអគារ ដែលបានបំផ្លាញកាលពីសង្រ្គាមកម្ពុជា-ថៃ កាលពីខែកក្កដា។
ប៉ុន្តែគ្រាប់ផ្លោងយោធាថៃជាង១០គ្រាប់ បានបំផ្លាញទាំងសំណង់ទាំងអស់ក្នុងសាលា។
អគារផ្ទះបាយ អគារបន្ទប់ទឹក ថ្នាក់រៀនបណ្ដោះអាសន្ន និងអគារដែកថ្មី សុទ្ធតែត្រូវបានបំផ្លាញទាំងស្រុងដោយសារការឈ្លានពានពីយោធាថៃ។ នៅក្នុងបរិវេណសាលារណ្ដៅគ្រាប់មានជាច្រើនកន្លែង ហើយអំបែង បានខ្ទាតឆ្ងាយរហូតដល់ខាងក្រៅរបងសាលា។
កាលពីថ្ងៃទី២៧ ខែកក្កដា គ្រាប់ផ្លោងយោធាថៃ បានបំផ្លាញបន្ទប់សិក្សាចំនួន៣បន្ទប់។
លុះដល់សង្រ្គាមយោធាថៃឈ្លានពានក្នុង( ៧-២៧ខែធ្នូ ឆ្នាំ២០២៥ ) អគារចាស់៦បន្ទប់ និងសំណង់ទាំងអស់ ត្រូវបានបំផ្លាញទាំងស្រុង ។
វាមិនមែនជាគោលដៅយោធាអីទេ ជាទីតាំងស៊ីវិល.ជាថ្នាលបណ្តុះបណ្តាលសិស្សសាលានៅជនបទនិងព្រំដែនដាច់ស្រយាល ៕

