ខេត្តក្រចេះ ៖ លោក គង់ មេត្តា អភិបាលស្រុកសំបូរ ខេត្តក្រចេះ និងក្រុមការងារ បានអញ្ជើញចុះជួបសួរសុខទុក្ខនិងយកអំណោយជូនដល់វរៈកងទ័ពជួរមុខម្នាក់ ដែលជាវរៈកងទ័ព ឈរជើងទប់ទល់ខ្មាំងនៅចំនុចប្រាសាទតាក្របី បានរងរបួស កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ដោយគ្រាប់ផ្លោងខ្មាំងសៀម និងបានព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ហើយពេលនេះកំពុងស្នាក់នៅបណ្ដោះអាសន្ន នឹងកំពុងបន្តមកសម្រាកព្យាបាលនៅផ្ទះម្ដាយ នៅក្នុងឃុំសំបូរ ស្រុកសំបូរ។ ក្នុងពេលនោះដែរក៏បាននាំយកអំណោយ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ទៅប្រគល់ជូនដល់គ្រួសារវរៈកងទ័ពចំនួន ០១គ្រួសារ និងគ្រួសារភៀសសឹក ចំនួន ៦គ្រួសារផ្សេងទៀត ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅក្នុងឃុំសំបូរ ស្រុកសំបូរ ។ នេះតាមការឱ្យដឹងពីលោក គង់ មេត្តា អភិបាលស្រុកសំបូរ ខេត្តក្រចេះ។
ទន្ទឹមនឹងនោះ លោកអភិបាលស្រុក បានលើកទឹកចិត្ត និងអរគុណជាខ្លាំងចំពោះវីរភាពដ៏អង់អាចខ្លាហានរបស់វរៈកងទ័ពទាំងអស់ ដែលធ្វើជាខែលការពារទឹកដីមាតុភូមិដ៏រឹងមាំ និងកំពុងបំពេញភារកិច្ចនៅសមរភូមិមុខ ក្នុងការការពារអធិបតេយ្យភាព និង បូរណភាពទឹកដី។
គិតត្រឹមថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញនេះ ស្រុកសំបូរ មានជនភៀសសឹកមកពីតំបន់ព្រំដែនខ្មែរ-សៀម មកស្នាក់នៅបណ្ដោះអាសន្នសរុបចំនួន ២៣គ្រួសារ ស្មើនិង ៧២នាក់៕ ដោយ ហ៊ឹម ម៉ាត់

