(កំពង់ធំ)៖ យោងតាមការចុះផ្សាយព័ត៌មានលើទំព័រហ្វេសបុកឈ្មោះ Horn News កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងគម្រោងសម្បទានដីសង្គមកិច្ចដំណាក់កាលទី ៣ (LASED III) នៅក្នុងភូមិសាស្ត្រស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ, នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងគម្រោងខាងលើ ដើម្បីធ្វើការបំភ្លឺ និងដោះស្រាយ។
ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា គម្រោង LASED III នេះត្រូវបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្នុងនោះ៖
ឆ្នាំ២០២០៖ រដ្ឋបាលខេត្តកំពង់ធំ បានចុះសិក្សា និងដោះស្រាយបញ្ហាផលប៉ះពាល់បានរួចរាល់។
ឆ្នាំ២០២២៖ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យអនុប្រយោគ និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីរដ្ឋ សម្រាប់ទីតាំងដីសម្បទានទំហំ ៨៧១ ហិកតា។
ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥៖ គម្រោងបានរៀបចំជ្រើសរើសសម្បទានិក ដោយឆ្លងកាត់ ១០ ជំហាន និងបានសម្រេចចាប់ឆ្នោតប្រគល់ជូនប្រជាពលរដ្ឋ។
ឯកឧត្ដម នួន ផារ័ត្ន បានសង្កត់ធ្ងន់ថា អ្នកដែលទទួលបានផលពីគម្រោង LASED III នេះ គឺជា បងប្អូនប្រជាពលរដ្ឋដែលមានបណ្ណក្រីក្រ (ក្រ១ និងក្រ២) និងគ្រួសារដែលងាយរងគ្រោះដោយវិបត្តិសេដ្ឋកិច្ច។
មិនមានសមាសភាពថ្នាក់ដឹកនាំ មន្ត្រីរាជការ ឬបុគ្គលដែលមានឥទ្ធិពលណាម្នាក់ បានទទួលផលប្រយោជន៍ពីគម្រោងនេះឡើយ ក្រៅតែអំពីបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។
ពាក់ព័ន្ធនឹងការលើកឡើងថា ការយកដីរបស់ឃុំស្រើង ស្រុកប្រាសាទសំបូរ មកចែកជូនប្រជាពលរដ្ឋក្រីក្រនៅឃុំទំរីង ស្រុកសណ្តាន់ ឯកឧត្តមបានបញ្ជាក់ថា គឺជាការភ័ន្តច្រឡំ៖
ការពិតជាក់ស្តែង៖ បើយោងតាមព្រំប្រទល់រដ្ឋបាល ទីតាំងភូមិសាស្ត្រសម្រាប់អនុវត្តគម្រោង LASED III នេះ គឺស្ថិតនៅក្នុងភូមិសាស្រ្តឃុំទំរីង ស្រុកសណ្តាន់។ ទីតាំងនេះជាប់ព្រំប្រទល់ជាមួយឃុំស្រើង ប៉ុន្តែមិនស្ថិតក្នុងភូមិសាស្ត្ររបស់ឃុំស្រើងនោះទេ។
ទោះបីជាមានការបំភ្លឺយ៉ាងណាក្តី រដ្ឋបាលខេត្តកំពង់ធំ នៅតែបន្តខិតខំស្វែងរកដំណោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានតវ៉ា។
ក្នុងស្មារតីទទួលខុសត្រូវ ឯកឧត្តមអភិបាលខេត្តបានចាត់មន្ត្រីជំនាញចុះពិនិត្យវាស់វែងជាក់ស្តែងជាថ្មីម្ដងទៀត ចំពោះទីតាំងដាំដុះដំណាំដំឡូងមីរបស់ប្រជាពលរដ្ឋ ដើម្បីជាមូលដ្ឋានក្នុងការសម្រេចអំពីផលប៉ះពាល់ និងការដោះស្រាយសមស្រប ទាំងក្នុងក្របខណ្ឌគម្រោង និងក្នុងក្របខណ្ឌនៃគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។ដោយ សុ អ៊ួងផាត

