ដោយ ចេង ពុំ÷ខេត្តស្វាយរៀង÷កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ បានចុះបង្ក្រាប និងឃាត់រថយន្តម៉ាកសាំយ៉ុងចំនួន ៣គ្រឿង ដែលលួចដឹកជញ្ជូនលៀសល្អិតៗខុសច្បាប់ ពីតំបន់បឹងទន្លេសាបឆ្ពោះទៅប្រទេសវៀតណាម។ ការបង្ក្រាបនេះធ្វើឡើងភ្លាមៗ នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ក្នុងនោះ រថយន្តនីមួយៗផ្ទុកលៀសរហូតដល់ ៩តោន សរុបទាំង ៣គ្រឿង មានទម្ងន់ ២៧តោន។ អាជ្ញាធរបានបញ្ជាក់ថា លៀសខុសច្បាប់ទាំងនេះ នឹងត្រូវយកទៅចាក់លែងនៅទន្លេមេគង្គវិញ។
បទល្មើសដឹកជញ្ជូនលៀសល្អិតៗនេះ ត្រូវបានគេរាយការណ៍ថា កំពុងតែធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ ចេញពីចំណុចឃ្លាំង “ព្រៃស្រមោច” ស្ថិតនៅភូមិទំនប់ថ្នល់ដាច់ ស្រុកសូនិគម ខេត្តសៀមរាប។ តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ថៅកែឈរជើងទិញលៀសនៅទីនោះ គឺឈ្មោះ “ចែសុខជើងខ្លាំង” និងលោក “ពៅ” ដែលជាអ្នកដឹកជញ្ជូនធំ ព្រមទាំងក្រុមម្ចាស់រថយន្តជាច្រើនទៀត កំពុងសម្រុកសាងលៀសល្អិតៗដាក់រថយន្ត ដើម្បីដឹកឆ្លងទៅលក់នៅប្រទេសវៀតណាម។
សកម្មភាពដឹកជញ្ជូនលៀសល្អិតៗ ដោយប្រើរថយន្តរាប់សិបគ្រឿងក្នុងមួយថ្ងៃៗ បានធ្វើឱ្យមតិមហាជន និងប្រជាពលរដ្ឋសម្តែងការងឿងឆ្ងល់ និងព្រួយបារម្ភយ៉ាងខ្លាំងថា បើស្ថានការណ៍នេះនៅតែបន្ត នឹងនាំឱ្យធនធានលៀសនៅក្នុងបឹងទន្លេសាបរលាយហិនហោច និងដាច់ពូជជាក់ជាមិនខាន។
ប្រជាពលរដ្ឋស្នើសុំដល់លោក សុង នាយសង្កាត់ជលផលកំពង់ឃ្លាំង លោកនាយខ័ណ្ឌជលផលខេត្តសៀមរាប និងរដ្ឋបាលជលផល មេត្តាចុះពិនិត្យ និងរឹតបន្តឹងជាបន្ទាន់ចំពោះសកម្មភាពដឹកជញ្ជូនលៀសខុសច្បាប់ទាំងនេះ។ ពួកគេអំពាវនាវដល់កងកម្លាំងប្រឆាំងបទល្មើសនៅក្នុងបឹងទន្លេសាបទាំងអស់ ឱ្យជួយទប់ស្កាត់ឱ្យបានដាច់ខាត កុំឱ្យក្រុមជនល្មើសបន្តបំពានច្បាប់បានទៀត ដើម្បីការពារធនធានជលផលដ៏សំខាន់នេះ។ដោយចេង ពុំ
