ដោយកែវ ម៉េង;(កំពង់ធំ)៖ នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយស្បៀង រួមទាំងស្រូវពូជ ជូនប្រជាពលរដ្ឋចំនួន ១៩៧ គ្រួសារ ស្ថិតនៅឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់កន្លងមក។
អំណោយដ៏ថ្លៃថ្លានេះ គឺជាការឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា គ្រោះទឹកជំនន់រដូវវស្សាឆ្នាំ២០២៥ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដីស្រែ ភូមិដ្ឋាន និងលំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើន។ ដើម្បីឆ្លើយតបបានទាន់ពេលវេលា និងក្រោមការដឹកនាំយកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានចាត់ចែងក្រុមការងារអន្តរាគមន៍បន្ទាន់ ចុះជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានទាន់សភាពការណ៍។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ៖
គោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់។
ណែនាំឱ្យយុវជន ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដែលជាភ្នាក់ងារបំផ្លាញអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិ។
រក្សាសុខភាព ដោយ ញ៉ាំអាហារអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត។
បន្តប្រកបរបរដាំដុះ ចិញ្ចឹមសត្វ និងមុខរបរផ្សេងៗទៀត ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។
សូមបញ្ជាក់ថា អំណោយរបស់គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលបានចែកជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទាំង ១៩៧ គ្រួសារ ក្នុងស្រុកប្រាសាទបល្ល័ង្ក ក្នុងមួយគ្រួសារៗទទួលបាននូវ៖ អង្ករ ១បាវ, ទឹកសុទ្ធ ១កេស, មី ១កេស, ទឹកស៊ីអ៉ីវ ១យួរ, ទឹកត្រី ១យួរ និងត្រីខ ១យួរ ផងដែរ។ដោយ កែវ ម៉េង

