បង្ក្រាបទីតាំងសញ្ចារកម្មនៅស្រុកបារាយណ៍៖ ឃាត់ម្ចាស់ហាងខារ៉ាអូខេ ១នាក់ រំដោះជនរងគ្រោះស្រី ៨នាក់ ក្នុងនោះអនីតិជន ៥នាក់

 

កំពង់ធំ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចុះបង្ក្រាបទីតាំងសញ្ចារកម្មមួយកន្លែង ដែលពួនក្រោមសំបកហាងខារ៉ាអូខេយីហោ «ម្លប់លាប» ស្ថិតនៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១៦:៣៥នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការដឹកនាំផ្ទាល់របស់លោកស្រី ឧត្តមសេនីយ៍ត្រី កង កូយ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ ស្របតាមការចង្អុលបង្ហាញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថ ថេត អគ្គស្នងការនគរបាលជាតិ ការបញ្ជាដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និងការសម្របសម្រួលនីតិវិធីពីលោកស្រី ពេជ្រ ម៉ូលី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វី សុខឃីម ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិ-ឃុំ និងស្រុកជាមួយទីតាំងកើតហេតុ ដែលជាម្ចាស់ហាងខារ៉ាអូខេខាងលើ និងរំដោះជនរងគ្រោះស្រីចំនួន ៨នាក់ ក្នុងនោះមានអនីតិជន ៥នាក់។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងជនរងគ្រោះទៅអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *