ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ / បាត់ដំបង-ច័ន្ទបូរី :
ក្រុមការងារវាស់វែងព្រំដែនចម្រុះកម្ពុជា-ថៃ បានសម្រេចការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ព្រំដែនកម្ពុជាថៃបាន ១៥៧ បង្គោលស្មើនឹង ៩៥%។
លោកនេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មានស្រង់ប្រភពគណ:កម្មាធិកាេព្រំដែន ហើយយកមកប្រាប់ឱ្យដឹងនៅយប់ថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៥ ថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានសម្រេចការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ព្រំដែនកម្ពុជាថៃ ស្ថិតក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង របស់កម្ពុជា ជាប់នឹងស្រុកពោងណាំរ៉នខេត្តចាន់បុរី របស់ថៃ បានចំនួន ១៥៧ បង្គោល នៃបង្គោលសរុបដែលត្រូវបោះចំនួន ១៦៦ ស្មើនឹង ប្រមាណ ៩៥%។
លោកនេត្រ ភក្រ្តា បន្ថែមថា ភាគីទាំងពីររំពឹងថា : នឹងសម្រេចការងារបោះបង្គោលបណ្តោះអាសន្នឱ្យបានរួចរាល់នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
សូមរំលឹកថា តាមផែនការដែលបានឯកភាពគ្នា ភាគីកម្ពុជា និងភាគីថៃ នឹងបន្តការងារថតរូបពីលើអាកាសដោយប្រើដ្រូន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ៕

