អតីតទេសាភិបាលធនាគារកណ្តាលប្រទេសថៃ ព្រមាន៖ បើមិនមានការកែប្រែទេ នៅពេលអនាគត សេដ្ឋកិច្ចថៃនឹងធ្លាក់ដល់បាត និងមិនអាចងើបរួច

 

ដោយ : ភ្នំធំ / បាងកក ថៃ ៖សេដ្ឋវិទូកំពូលថៃ បានអំពាវនាវឱ្យមាន ការកែទម្រង់រចនាសម្ព័ន្ធដ៏រ៉ាឌីកាល់ នៅពេលដែលសូចនាករសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសថៃ បង្ហាញពីភាពធ្លាក់ចុះរយៈពេលមួយទសវត្សរ៍នៅគ្រប់វិស័យទាំងអស់។

ប្រភពផ្សាយក្នុងកាសែតThe Nation បានស្រង់មកពីក្នុងសិក្ខាសាលាប្រចាំឆ្នាំរបស់ វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ថៃ (Thai Development Research Institute – TDRI) កាលពីថ្ងៃទី ១៧ខែវិច្ឆិកាឆ្នាំ២០២៥
ក្រោមប្រធានបទ៖
“ការស្រមៃមើលគំរូអភិវឌ្ឍន៍របស់ប្រទេសថៃ៖ ឆ្ពោះទៅលើគំរូថ្មី លើសពីពិភពលោកចាស់”។

លោកបណ្ឌិត វីរាថៃ សន្ធិប្រាបុប (Dr. Veerathai Santiprabhob) ប្រធានវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ថៃ និងជាអតីតទេសាភិបាលធនាគារកណ្តាលប្រទេសថៃ បានបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចថៃ “កំពុងជាប់គាំង ឬក៏កំពុងជិតធ្លាក់ជ្រោះ” ។
ដូចសម្តីរបស់ លោកបណ្ឌិត ឯកនិត និតិធានប្រាប៉ាស (Dr. Ekniti Nitithanprapas) ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ កាលពីខែមុន។

លោកបណ្ឌិត វីរាថៃ សន្ធិប្រាបុប បានចង្អុលបង្ហាញថា សូចនាករសេដ្ឋកិច្ចថយចុះគ្រប់វិស័យ ក្នុងនោះមាន៖ កម្លាំងប្រកួតប្រជែងជាតិ, គុណភាពអប់រំ, ផលិតភាពកសិកម្ម, ប្រសិទ្ធភាពរដ្ឋាភិបាល, ប្រព័ន្ធពន្ធ, បំណុលគ្រួសារ, ការគ្រប់គ្រងទីផ្សារដោយក្រុមមូលធនធំ, ច្បាប់ចាស់គំរិល និង អំពើពុករលួយ ។

សេដ្ឋវិទូកំពូលថៃ ក៏បានបញ្ជាក់ផងដែរថា ការធ្លាក់ចុះនៃសូចនាករសំខាន់ៗទាំងនេះ បានបង្ហាញពីការថយចុះជាបន្តបន្ទាប់ និងរំលេចឲ្យឃើញពី «ភាពជាប់គាំង» ដែលជាហេតុបានបង្កើត និងជំរុញសេដ្ឋកិច្ចពណ៌ប្រផេះឲ្យរីកចម្រើនកាន់តែខ្លាំង។
គាត់បានបន្ថែមថា នៅវិស័យខ្លះ ស្ទើតែគ្មានពិន្ទុដាក់ឲ្យ និងមិនចាំបាច់ប្រៀបធៀបជាមួយប្រទេសផ្សេងទៀតផងនេះ បញ្ជាក់ថាមានបញ្ហារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។

និយាយដល់បញ្ហានាពេលអនាគត លោកបណ្ឌិត វីរាថៃ សន្ធិប្រាបុប បានប្រាប់ថា ប្រទេសថៃកំពុងប្រឈមមុខនឹងបញ្ហាប្រឈមធំៗជាច្រើន
ដូចជា៖ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងរបាំងពាណិជ្ជកម្ម, ប្រជាជនវ័យចំណាស់កើនឡើង, កង្វះកម្លាំងពលកម្ម, បច្ចេកវិទ្យាកំពុងផ្លាស់ប្តូរលឿន តាមរយៈ AI និង ការប្រែប្រួលអាកាសធាតុ ។

លោកបណ្ឌិត វីរាថៃ បានព្រមានថា៖
«បើប្រទេសថៃនៅតែជាប់គាំងយូរៗ យើងនឹងធ្លាក់ចូលក្នុងទីជ្រៅកាន់តែរហ័ស កាន់តែជ្រៅ ហើយក្រែងតែឡើងវិញមិនរួច។
ធនធានដែលនៅសល់នឹងមិនធំគ្រប់គ្រាន់ដើម្បីឧបត្ថម្ភការចេញពីវិបត្តិនេះឡើយ» ៕

Leave a Reply

Your email address will not be published. Required fields are marked *