ក្រុមការងារកិច្ចការព្រំដែនកម្ពុជា ឮនិងថៃ ចុះពិនិត្យវាស់វែងដើម្បីបោះបង្គោលតម្រុយចន្លោះបង្គោលព្រំដែនលេខ៤២ -៤៧ នៅខេត្តបន្ទាយមានជ័យ, កម្ពុជា និងខេត្តស្រះកែវ, ថៃ

ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ/ បន្ទាយមានជ័យ -ថៃ :

ការវាស់វែងបោះបង្គោលតម្រុយធ្វើឡើងស្របការព្រមព្រៀងគ្នានៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចាន់បុរី ប្រទេសថៃ។

កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ បានចាប់ផ្តើមបង្កើតផែនទីរូបថតដោយការប្រើប្រាស់ដ្រូនដើម្បីថតរូប។
ក្រោយពីបញ្ចប់កិច្ចការនេះក្រុមវាស់វែងចម្រុះ នៃប្រទេសទាំងពីរ នឹងដំណើរការការងារបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្រ្តភូមិព្រៃចាន់ ភូមិជោគជ័យឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ និងភូមិណងយ៉ាកែវ ភូមិណងចាន់ឃុំណូនម៉ាក់មុនស្រុកគោកស៊ូងខេត្តស្រះកែវ របស់ថៃ។

សូមរំលឹកថា មុននឹងក្រុមការងារវាស់វែងចម្រុះចុះអនុវត្តការងាររបស់ខ្លួន ប្រធានក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជានិងភាគីថៃ បានជួបប្រជុំគ្នានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតី បែបបទណែនាំបច្ចេកទេស (Technical Instruction)។

ការចុះបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ ៤២ និងលេខ៤៧ ធ្វើឡើងតាមស្មារតី នៃកិច្ចប្រជុំគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងមក ៕

Leave a Reply

Your email address will not be published. Required fields are marked *