មានព័ត៌មានទម្លាយថា ទាហានថៃគ្រោងវាយប្រហារនៅតំបន់ថ្មដា និងតំបន់អូរភ្លូកដំរី ពោធិ៍សាត់

ដោយ : ភ្នំធំ / ពោធិសាត់ ៖តាមប្រភពព័ត៌មានដ៏គួរឱ្យទុកចិត្តបានឱ្យដឹងបានទម្លាយប្រាប់ថា ទាហានថៃគ្រោងវាយប្រហារនៅតំបន់ថ្មដា និងតំបន់អូរភ្លុកដំរី ក្នុងខេត្តពោធិ៍សាត់នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។
នេះបើតាមការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News កាលពីល្ងាចថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២៥ ។
សូមរំលឹកថា កន្លងមកថាបានរំលោភបំពានបន្តបន្ទាប់លើបូរណភាពទឹកដីកម្ពុជានៅចំនុចខាងលើដូចជាចូលរាយបន្លាលួស បោសសម្អាតមីនជាឯកតោភាគី ឈូសឆាយ កសាងផ្លូវថ្មីនៅព្រំដែន សង់លេណដ្ឋាន ល្បាត…។

ក្នុងនោះ ថៃ ទាមទារ១៧ ចំណុច ដែលកម្ពុជាគ្រប់គ្រងជារៀងរហូតមកស្របតាមផែនទីនៃសន្ធិសញ្ញាបារាំង សៀមឆ្នាំ១៩០៤និង១៩០៧ និងស្របតាមអនុស្សារណ:យោគយល់គ្នាទាក់ទិនព្រំដែនគោក កម្ពុជា ថៃឆ្នាំ២០០០ ។
ថៃបែរជាបានចោទប្រកាន់ថា កម្ពុជាទន្ទ្រានយកទឹកដីថៃ ក្នុងខេត្តត្រាត រួមមានៈ – ឃុំចំរៀក ស្រុកមឿងត្រាត៤ចំណុច – ឃុំឡែមក្លាត ស្រុកមឿងត្រាត ៦ ចំណុច – ឃុំម៉ៃរូត ស្រុកខនយ៉ៃ ៥ ចំណុច – ឃុំខ្លងយ៉ៃ ស្រុកខនយ៉ៃ ១ ចំណុច – ឃុំហាតឡេក ស្រុកខនយ៉ៃ ខេត្តត្រាត ១ ចំណុច។

សូមរំលឹកថា ដោយសំដៅទៅលើគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកថៃ ទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត និងកាសែត The Nation របស់ថៃ ក្រសួងការបរទេសកម្ពុជាបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ដែលការផ្សព្វផ្សាយជាផ្លូវការរបស់ថៃ ហាក់បង្ហាញថាពលរដ្ឋខ្មែរកំពុងឈ្លានពាន ទឹកដីថៃ នៅលើទីតាំងចំនួន១៧ ស្ថិតនៅពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុង។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី២៥ កញ្ញានេះ ក្រសួងការបរទេសកម្ពុជាពន្យល់ថាការទទួលស្គាល់ការពិតគឺជារឿងសំខាន់។  ខណៈដែលប្រទេសកម្ពុជា និងថៃ មិនទាន់បានកំណត់ខណ្ឌសីមានៅតំបន់មួយចំនួននៃព្រំដែនរួមគ្នា ប្រជាជនរបស់ប្រទេសទាំងពីរបានរស់នៅ និងបង្កបង្កើនផលអស់ជាច្រើនទសវត្សរ៍មកហើយ នៅលើដីដែលមិនទាន់បានកំណត់ព្រំដែន។
ការណ៍នេះបានបង្កឲ្យមានជម្លោះ ឬការខ្វែងគំនិតគ្នា ដែលភាគីទាំងពីរបានដោះស្រាយគ្នាប្រកបដោយមិត្តភាព តាមរយៈគណៈកម្មការព្រំដែនទូទៅ និងបានបញ្ជូនបញ្ហាស្មុគ្រស្មាញទាំងនេះទៅគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក(JBC) ដើម្បីដោះស្រាយស្របតាមអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០០០(MOU-2000)។ នេះបើតាមក្រសួងការបរទេសកម្ពុជា។
ជាមួយគ្នានេះ ក្រសួងការបរទេសកម្ពុជា ក៏បានអំពាវនាវឲ្យភាគីថៃលើកយកបញ្ហាខាងលើទៅដោះស្រាយ នៅក្នុងកិច្ចប្រជុំ JBC ដែលកម្ពុជា និងថៃគ្រោងជួបគ្នានៅខែក្រោយ។

សូមរំលឹកថា ដោយសម្អាងលើផែនទីឯកតោភាគីរបស់ខ្លួន ១/៥០ ០០០ ថៃតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន តែងលើកឡើងថា ទីតាំងចំនួន១៧ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាទឹកដីរបស់ថៃ ជាហេតុនាំឲ្យមានការប្រឈមមុខដាក់គ្នារវាងកម្ពុជា និងថៃ នៅតាមតំបន់មិនទាន់ដាច់ស្រេចទាំងនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *