ដោយ : ភ្នំធំ / បន្ទាយមានជ័យ :លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិបន្តដឹកនាំកម្លាំងជំនាញ ចុះពិនិត្យ អង្កេត ស្រាវជ្រាវ ទីតាំងដែលយោធាថៃបាញ់សម្លាប់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា និងជួបសម្ភាសន៍ប្រជាពលរដ្ឋ កងកម្លាំងការពារព្រំដែនកម្ពុជា ដែលជាសាក្សីនៅកន្លែងកើតហេតុផ្ទាល់ ។
ដោយអនុវត្តតាមបទបញ្ជា និងមានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការចុះពិនិត្យ អង្កេត ស្រាវជ្រាវ ទីតាំងដែលយោធាថៃបាញ់សម្លាប់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា និងជួបសម្ភាសន៍កងកម្លាំងការពារព្រំដែន ក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។
រួចមក នៅរសៀលថ្ងៃដដែលដែរ. លោកអគ្គស្នងការរងនគរបាលជាតិ បានបន្តដឹកនាំកម្លាំងជំនាញ ចុះមកទីតាំងជុំរំសុវត្ថិភាពជនភៀសសឹកដែលជម្លៀសមកពីភូមិព្រៃចាន់ មកនៅវត្តចាន់ស៊ីសាមគ្គីរតនារាម ក្នុងឃុំកូប ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។
ពោលគឺដើម្បីជួបសម្ភាសន៍ប្រជាពលរដ្ឋ ដែលជាសាក្សីនៅក្នុងហេតុការណ៍ផ្ទាល់ ក្នុងពេលយោធាថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បណ្ដាលអោយប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ បាត់បង់ជីវិតចំនួន០១នាក់ និងទទួលរងរបួសធ្ងន់ចំនួន ០៣នាក់ ៕

