ដោយ : ភ្នំធំ / ព្រំដែនស្រះកែវ – បន្ទាយមានជ័យ :៣ថ្ងៃ ក្រោយកើតហេតុ នាថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៥ នូវ ភាគីថៃទើបនាំអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅមើលកន្លែងដែលគេលើកឡើងថា កងកម្លាំងកម្ពុជា បាញ់ចូលទៅគេទើបគេបាញ់រះចូលភូមិព្រៃចាន់កាលពីល្ងាចថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៥ ដោយសម្លាប់ពលរដ្ឋស៊ីវិល១នាក់និងរបួស៣នាក់។
ភាគីថៃលើកឡើងថា : ខ្លួនទទួលស្គាល់ថាបានបាញ់មកលើភូមិព្រៃចាន់មែន ប៉ុន្តែបាញ់តដៃឬក្នុងន័យការពារខ្លួនប៉ុណ្ណោះ មិនមែនបាញ់មុនមកលើកម្ពុជាទេ។
ក្នុងនោះ មានមេយោធាថៃខ្លះ ថែមទាំងប្រាប់សារព័ត៌មានថៃដែលនិយមចេញផ្សាយដោយមិនផ្ទៀងផ្ទាត់ដូចដែលបានផ្សាយថា សពនោះក្លែងក្លាយទេ។
មេបញ្ជាការយោធភូមិភាគទី២ លោក Weerayuth Raksil បានធ្វើដំណើរចុះទៅកាន់ព្រំដែនកម្ពុជា-ថៃ ទល់មុខនឹងភូមិព្រៃចាន់និងភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ របស់កម្ពុជា ដើម្បីត្រួតពិនិត្យកម្លាំង លេណដ្ឋាន សម្ភារ:សឹកនិងការត្រៀមលក្ខណៈប្រយុទ្ធ។
នាព្រលប់ថ្ងៃទី១២ខែវិច្ឆិកា លោកបានថ្លែងថា ការបាញ់បង្ករបួសពលរដ្ឋកម្ពុជានោះ ជាការសងសឹកចំពោះករណីដែលទាហានថៃជាន់មិនថ្មីរបួស៣នាក់នៅស្រុកកាន់តាឡាក់ខេត្តស៊ីសាកេតទល់មុខប្រាសាទព្រះវិហារកាលពីថ្ងៃទី១១ខែវិច្ឆិកា ដែលកម្ពុជាមិនទទួលស្គាល់ ហើយថាមីនចាស់នោះ។
ទាហានថៃ ទទួលស្គាល់ចំពោះមុខអ្នកសង្កេតការណ៍អាស៊ាន(AOT) ថាបានបាញ់មកលើភូមិព្រៃចាន់ បង្កស្លាប់ពលរដ្ឋស៊ីវិលកម្ពុជាម្នាក់ របួស៣នាក់ហើយ កម្ពុជាក៏បានធ្វើកោសល្យវិច័យឃើញលទ្ធផលថា ជនរងគ្រោះ រងនឹងគ្រាប់កាំភ្លើងM16 របស់ថៃ។
ដូច្នេះគេនៅតែរង់ចាំលទ្ធផលធ្វើកោសល្យវិច្ច័យលើគ្រាប់កាំភ្លើងដែលថៃអះអាងថា បាញ់ចំជញ្ជាំងបេតុងលេណដ្ឋានទាហានខ្លួន។
ទោះយ៉ាងណា អំបែងគ្រាប់ដែលថៃបង្ហាញដោយច្រកកូនថង់ប្លាស្ទិចនោះ មិនដឹងថារើសពីណាមកទេ។
ករណីនេះ តាមរយៈការសាកសួរពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់ បានអះអាងថា ថ្ងៃកើតហេតុរសៀលថ្ងៃទី១២ ខែវិច្ឆិកា ពួកគាត់មិនមានឮសំឡេងកាំភ្លើងចេញពីខាងខ្មែរនោះឡើយ។
បន្ថែមពីលើនោះកងកម្លាំងកម្ពុជាដែលឈរជើងនៅព្រៃចាន់ គឺមិនអនុញ្ញាតឱ្យដាក់ឬកាន់អាវុធជាប់ខ្លួនឡើយ ចាប់តាំងពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ កន្លមកម្ល៉េះ ៕

