ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ក្រសួងមហាផ្ទៃនាថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៥ បានចេញសេចក្តីបញ្ជាក់ព័ត៌មានដោយបានបង្ហាញពីលទ្ធផល ការធ្វើកោសល្យវិច័យ លើសាកសពពលរដ្ឋខ្មែរ ដែលត្រូវទាហានថៃ បាញ់បណ្ដាលអោយ បាត់បង់ជីវិតកាលពី ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៥ នៅភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
ការធ្វើកោសល្យវិច័យ និងវះយកក្បាលគ្រាប់កាំភ្លើង បានធ្វើនៅចំពោះមុខ ក្រុមអ្នកអង្កេតការណ៍អាស៊ាន(AOT) ផងដែរ។
ក្រសួងមហាផ្ទៃស្នើអោយសារព័ត៌មាននិងបណ្តាញសង្គម បើអាច មេត្តាសូមផ្សាយឬបង្ហោះទាំងខ្លឹមសារលិខិតជាភាសាខ្មែរ ជាភាសាអង់គ្លេស ទាំងរូបភាពសាកសព និងអ្នកចូលរួមពិនិត្យ អង្កេតការវះកាត់ អ្នកវះកាត់ផងដែរដើម្បីអោយបានបានគ្រប់ជ្រុងជ្រោយ ព្រោះជារឿងសំខាន់ ។
ត្បិតអី ក្រសួងសង្កេតឃើញថា មានសារពត៍មានធំៗខ្លះ ផ្សាយឬបង្ហោះតែលិខិតជាអក្សរខ្មែរតែមួយសន្លឹកប៉ុណ្ណោះ ។
ករណីនេះ អ្នកយកព័ត៌មាននិងអ្នកទទួលខុសត្រូវការផ្សាយរបស់សារព៍ត៌មានធំ តូចក្នុងស្រុកបានទទួលនូវសំណូមពរនេះ ហើយនឹងផ្សាយបំពេញបន្ថែមឬកែតម្រូវលើអ្វីដែលខ្វះចន្លោះ ដូចដែលក្រសួងមហាផ្ទៃស្នើឡើង។
ទោះជាយ៉ាងណា ពួកគេបានរំលឹកថា កន្លងមក ទីភ្នាក់ងារឬអង្គភាពសារព័ត៌មានក្នុងស្រុករបស់ខ្លួន ក៏ធ្លាប់ចុះផ្សាយឬបង្ហោះនូវលទ្ធផលឬរបាយការណ័ព៌ត៌មានផលិតស្រេចដែលផ្តល់ឬយកតាមអ្នកនាំពាក្យ ដោយមិនមានលទ្ធភាពសួរនាំ សម្ភាសន៍ឬបំភ្លឺផ្ទៀងផ្ទាត់បន្ថែមនោះឡើយ។
ហើយការផ្សាយឬបង្ហោះព័ត៌មាន ជួនកាលដាក់តែលិខិតប្រកាសព័ត៌មានឬសេចក្តីថ្លែងការណ៍ជាភាសាខ្មែរប៉ុណ្ណោះ ព្រោះជាសារព័ត៌មានក្នុងស្រុក លើកលែងតែទីភ្នាក់ងារឬអង្គភាពសារព័ត៌មាននោះ មានផ្សាយជាភាសាអង់គ្លេស ៕

