អាជ្ញាធរខេត្តកំពង់ឆ្នាំងណែនាំផលិតករក្នុងស្រុករក្សាគុណភាព និងតម្លៃសមរម្យ ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

 

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានជំរុញឱ្យផលិតករក្នុងស្រុកខិតខំចាប់យកឱកាសនៃការងាកមកប្រើប្រាស់ផលិតផលខ្មែរកាន់តែច្រើន ដោយផលិតផលិតផលឱ្យមានគុណភាពខ្ពស់ បរិមាណគ្រប់គ្រាន់ និងតម្លៃសមរម្យ ដើម្បីជំនួសផលិតផលនាំចូលឱ្យបានមួយចំនួន។ ការលើកទឹកចិត្តនេះ ធ្វើឡើងនៅពេលដែលប្រទេសកម្ពុជាកំពុងជួបបញ្ហាជាមួយប្រទេសជិតខាង និងមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការគាំទ្រផលិតផលក្នុងស្រុកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ផលិតករមិនត្រូវប្រើឱកាសនេះដើម្បីបង្កើនតម្លៃផលិតផលឱ្យខ្ពស់ហួសហេតុ ដែលអាចនាំឱ្យបាត់បង់ទំនុកចិត្តពីអ្នកប្រើប្រាស់ក្នុងស្រុក។ ផ្ទុយទៅវិញ ផលិតករគួរពង្រឹងគុណភាព និងបង្កើនបរិមាណផលិតផល ដើម្បីបំពេញតម្រូវការទីផ្សារ និងរក្សាការគាំទ្រពីប្រជាពលរដ្ឋ។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភលើកទី១២ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ “អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ” នៅទីរួមខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ព្រមទាំងតំណាងស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងសិប្បករ សរុបប្រមាណជិត ១,០០០នាក់។
ក្នុងឱកាសនោះ សិប្បករដែលចូលរួមតាំងពិព័រណ៍ផលិតផលក្នុងស្រុក បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តគាំទ្រផលិតផលខ្មែរ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារសម្រាប់សហគមន៍។ ពួកគាត់បានបញ្ជាក់ថា ផលិតផលក្នុងស្រុកមានគុណភាពខ្ពស់ បំពេញតាមស្តង់ដារ និងមិនចាញ់ផលិតផលនាំចូល។ លើសពីនេះ ការគាំទ្រផលិតផលក្នុងស្រុក ជួយជំរុញចរន្តសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការទិញវត្ថុធាតុដើមពីកសិករ និងការកែច្នៃបន្ថែម។
រាជរដ្ឋាភិបាលក៏កំពុងផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាព និងស្តង់ដារផលិតផលក្នុងស្រុក ដើម្បីបង្កើនភាពប្រកួតប្រជែងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។

Leave a Reply

Your email address will not be published. Required fields are marked *