រដ្ឋបាលខេត្តបន្ទាយមានជ័យ : ទាហានថៃប្រើកាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជានៅភូមិព្រៃចាន់ : ស្លាប់១នាក់ របួស៣នាក់, បាញ់ថែម៥គ្រាប់ទៀត, ជន្លៀសពលរដ្ឋ

ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ-បន្ទាយមានជ័យ៖
យោងសេចក្តីប្រកាសព័ត៍មានអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ អោយដឹងថា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១៥.៥០នាទី កម្លាំងទាហានថៃ បានប្រើកាំភ្លើងRPD បាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ចំនួន១នាក់ និងរងរបួស៣នាក់។

អ្នកនាំពាក្យសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ “សេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ។
ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តមអាន់វ៉ា ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។

អ្នកនាំពាក្យរដ្ឋបាលខេត្ត សូមប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ដោយរក្សាស្ថានភាពដដែលរហូតដល់ការងារខណ្ឌសីមាព្រំដែនគោកត្រូវបានបញ្ចប់។
ក្នុងន័យនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងរង់ចាំដំណោះស្រាយរបស់គណៈកម្មការចម្រុះព្រំដែន(JBC)។

លោកលី សូវណ្ណារឹទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបានប្រាប់ល្ងាចថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៥ ថា : បន្ទាប់ពីបើកការបាញ់ប្រហារទាំងកម្រោលមកលើទឹកដីកម្ពុជានិងសម្លាប់ពលរដ្ឋកម្ពុជា ង្ករបួសដូចខាងលើ នៅម្តុំម៉ោង៦ ព្រលប់នៃថ្ងៃដដែល ទាហានថៃ បានប្រើកាំភ្លើងបាញ់ឡើងលើ៥គ្រាប់ទៀត ។

ទាក់ទិនហេតុការណ៍នេះដែរ នៅល្ងាចនិងព្រលប់ថ្ងៃដដែលនេះ អាជ្ញាធរនិងកងកម្លាំងបានសម្របសម្រួលជន្លៀសពលរដ្ឋរស់នៅទាំងពីរភូមិគឺភូមិព្រៃចាន់និងភូមិជោគជ័យយកទៅទីទួលសុវត្ថិភាពនៅវត្តចាន់ស៊ីនាឃុំកូបស្រុកអូរជ្រៅជាបន្តបន្ទាប់។

ចំណែកងកម្លាំងនិងយុទ្ធបករណ៍ទាហានថៃឈ្លានពាន ក៏ត្រូវបង្ហាញថា បានចល័ត បញ្ជូននិងបង្កើនចំនួនយ៉ាងរហ័សនិងច្រើនសន្ធឹកមកទល់មុខភូមិទាំងពីរ ឬក៏បណ្តោយព្រំដែនថៃ កម្ពុជាផងដែរ ។

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ទាហាន នគរបាលថៃធ្លាប់បានបាញ់បឮប្រហារដោយគ្រាប់កូនដុំដែកនិងគ្រាប់ជ័រយ៉ាងព្រៃផ្សៃមកលើហ្វូងពលរដ្ឋកម្ពុជាដែលតវ៉ានឹងភាគីសៀមចូលមករាយបន្លាលួសជាថ្មីបន្ថែមនៅភូមិព្រៃចាន់នេះ ។.
ក្នុងនោះ បង្កអោយកងទ័ព ព្រះសង្ឍនិងប្រជាពលរដ្ឋរងរបួស ស្រាលនិងធ្ងន់ ចំនួន២៩នាក់ / ស្រី ២នាក់ រួចមកហើយ។
ករណីនោះ ភាគីថៃក៏មិនបានសុំទោសនិងសងសំណងអ្វីនៅឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *