ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ដើមបណ្តឹងដែលមានឈ្មោះថា បានប្តឹងលោកសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យរឿងដីឯកជនដើម្បីបំផ្លាញកិត្តិយសដែលមានការផ្អូកផ្អើលនិងផ្សព្វផ្សាយដែលគ្មានមូលដ្ឋានថ្មីៗនេះ តាមពិតជាគឺជនរងគ្រោះដែលជនទុច្ចរឹតរុញអោយចូលអន្ទាក់ក្លាយជាអ្នកជិតខាងគូវិវាទដោយមិនដឹងខ្លួន។
លោកពូស្តើង សិ រស់នៅចំណុចទំនប់បង្ហៀរផ្លូវទៅអាងកណ្តោលភូមិនិងសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មាននាល្ងាចថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២៥ថា: លោកនិងក្រុមគ្រួសារមិនបានប្តឹងផ្តល់លោកសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យទៅលោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដូចដែលឃើញក្នុងក្រដាសបណ្តឹងមានសរសេរអក្សរនិងផ្តិតមេដៃឡើយ។
ប៉ុន្តែ ពួកលោកពិតជាបានផ្តិតមេដៃមែនលើក្រដាស់សមានក្រឡា ដោយសារថា អ្នកមកសម្ភាសន៍លោកថា គេយកទៅសុំអោយអាជ្ញាធរនិងជំនាញជួសជុលនិងសាងសង់ផ្លូវដែលខូចខាតនិងលំបាកធ្វើដំណើរ ។
លោកថា ឥឡូវលោកនិងក្រុមគ្រួសារបានក្លាយជាជនរងគ្រោះ។
ដោយសារថា ប៉ុន្មានថ្ងៃមុនមានជនទុច្ចរឹត២-៣នាក់ដែលក្លែងខ្លួនជាអ្នកកាសែត ជិះរថយន្តតូច១គ្រឿងចូលទៅធ្វើកិច្ចសម្ភាសន៍ដោយថតអាត់សម្លេងប៉ុន្មានម៉ាត់កាលពីពេលកន្លងមកនេះនៅនឹងផ្ទះលោក។
ជនទាំងនោះ បានសួរលោកថា តើដីនេះ ដីអ្នកណា? ខាងនោះ ដីអ្នកណា? លោកឆ្លើយថា ខាងនេះដីខ្ញុំស្តើង សិ និងកូនចៅ ។
ខាងណោះ ដីសិទ្ធិ ឡោះ ។ ពួកគេសួរថា តើមានទំនាស់នឹងគ្នាទេ ? លោកឆ្លើយថា គ្មានទេ ។
ជនទាំងនោះ បានបង្វែរសំណួរ ទៅសួរថា ចុះផ្លូវពីទំនប់បង្ហៀរទៅអាងកណ្តោលខូចខាត លំបាកធ្វើដំណើរនិងដឹកជញ្ជូនទេ ចង់អោយអាជ្ញាធរនិងជំនាញជួសជុលឬសង់អោយល្អទេ? លោកឆ្លើយថា ចង់ ។ ព្រោះថា លោកមានដីធ្លីនៅម្តុំនោះមុនគេ ច្រើនជាងគេ បានទៅរស់នៅ និងប្រកបរបរកសិកម្មជាយូរមកហើយ ហើយផ្លូវនេះលោកក៏ជាអ្នកកសាង ក្រោយមកទើបអាជ្ញាធរជួយស្ថាបនាអោយបានធំ ខ្ពស់និងល្អឡើង ប៉ុន្តែនារដូវវស្សាមិនេះវាខូចខាតដោយអន្លើ ។
លោកពូស្តើង សិ បន្តថា : តមក ជនទាំងនោះបានអោយលោកផ្តិតមេដៃលើក្រដាសស មានក្រឡា ។ លោកមិនចេះអក្សរ ក៏បានផ្តិតមេដៃ ហើយប្រពន្ធ កូន កូនប្រសារ សាច់ញាតិមិត្តលោកជាច្រើនទៀត ក៏ត្រូវហៅមកជួយផ្តិតមេដៃដើម្បីអោយបានគ្នាច្រើនដើម្បីសុំផ្លូវ ។
ស្នាមផ្តិតនោះ ក៏មានទាំងផ្តិតម្រាមដៃជំនួស មានទាំងកូនដែលមានសតិមិនគ្រប់និងមានទាំងអ្នកជិតខាងដែលមិនចេះអក្សរ ផងដែរ ។
ប៉ុន្តែទើបថ្ងៃនេះ លោកភ្ញាក់ ស្រឡាំងកាំងពេលឃើញស្នាមមេដៃទៅនៅលើក្រដាសបណ្តឹងដែលរៀបរាប់យ៉ាងមុតស្រួចនិងព្រឺក្បាលប្តឹងលោកសិទ្ធិ ឡោះ ។
និងបានស្តាប់ឮគេផ្សាយក្នុងព័ត៌មាននិងហ្វេសប៊ុក ថា លោកជាដើមបណ្តឹង ដែលហាក់ដូចជាលោកនិងលោកសិទ្ធិ ឡោះ មានទំនាស់និងជាសត្រូវស៊ីសាច់ហុតឈាមគ្នាទៅវិញ ។
ក្រុមគ្រួសារលោកបានទទូចអោយអាជ្ញាធរមានសមត្ថកិច្ចជួយវែកមុខរកជនទុច្ចរឹតបង្កខាងលើដើម្បីនាំមកផ្តន្ទាទោសរកយុត្តិធម៌.និងសងនូវភាពស្អាតស្អំ ក៏ដូចជាអ្នកជិតខាងល្អជូនគ្រួសារលោកវិញជាបន្ទាន់។ ហើយត្រូវវែកញែករកនូវការរៀបចំនិងការប្រឌិតក្នុងចេតនាអាក្រក់ដែលទាញក្រុមគ្រួសារលោកអោយក្លាយជាជនរងគ្រោះបែបនេះ។
យោងការសាកសួរពីពលរដ្ឋផ្សេងទៀតនៅម្តុំនោះ ដែលមិនមែនជាសាច់ញាតិពូស្តើង សិ បានអោយដឹងដែរថា: ពួកគេត្រូវអោយលោកស្តើង សិ ទទួលខុសត្រូវដែលបន្លំយកមេដៃពួកគេថា យកទៅសុំអាជ្ញាធរអោយជួសជុលផ្លូវ តែបែរជាយកទៅប្តឹងបុគ្គលស្នងការរឿងឯកជនទៅវិញ ។
សូមរំលឹកថា កាលពីថ្ងៃទី២៩ខែតុលាឆ្នាំ២០២៥ បានបែកធ្លាយក្រដាសបណ្តឹងលាយលក្ខណ៍អក្សរ២ទំព័រ ចុះថ្ងៃទី២៧ខែតុលាឆ្នាំ២០២៥ ដែលមានឈ្មោះស្តើង សិ ជាដើមបណ្តឹងប្តឹងសុំអន្តរាគមន៍ទៅលោកអភិសន្តិបណ្តិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសន្លឹកដាច់ដោយឡែកមួយទៀតមានស្នាមមេដៃពលរដ្ឋចំនួន២០នាក់/ស្នាមមេដៃឬម្រាមដៃ។
ខ្លឹមសារសង្ខេបក្នុងបណ្តឹងនោះ ដូចជាពាក្យពេចន៍ភាសានិយាយផងនិងភាសាសរសេរផង មិនរៀបរយ ត្រូវបែបបទដើម្បីអោយមើលទៅដូចជាអ្នកស្រុកអាយ មិនមានចំណេះដឹងសមស្របសរសេរ ក៏ប៉ុន្តែមានន័យ ស៊ីជម្រៅ មុតស្រួចចាក់ដោត ទាក់ទាញអារម្មណ៍អោយខឹងនិងស្លុងជឿជាក់ដូចជា : លោកស្តើង សិ ចោទថា : តាំងពីឆ្នាំ២០១៨ មក ពលរដ្ឋរស់នៅសង្កាត់ទឹកថ្លានិងសង្កាត់អូរអំបិល មានដីស្រែចម្ការនៅម្តុំស្ទឹងតូច( ទំនប់ អាងកណ្តាល) ត្រូវលោកសិទ្ធិ ឡោះ បង្ខំ គំរាម ដាក់សម្ពាធអោយលក់ដីក្នុងតម្លៃថោកៗ , បើមិនលក់ត្រូវរងគ្រោះ, ពលរដ្ឋខ្លះខ្លាចរហូតលែងហ៊ានរស់នៅ ខ្លះភ័យ ឈឺចិត្តរហូតស្លាប់ឬស៊ូរស់នៅទាំងគ្រាំគ្រាចិត្ត, បិទផ្លូវដើរ, មិនអោយបូមទឹកធ្វើស្រែ, ហាមចូលនេសាទត្រីដើម្បីផ្តាច់ការចិញ្ចឹមជីវិត, រំលោភយកស្ទឹង៣គម, ឈប់អោយប្រើភ្លើង, ឈប់អោយលក់ដូរនៅកន្លែងលែងទឹក, ពលរដ្ឋ១១គ្រួសារអស់ដី សល់តែ២គ្រួសារតស៊ូ, ពលរដ្ឋ២០ទៅ៥០គ្រួសារប្តឹងទៅខេត្ត តែមិនបានផល…ជាដើម។
ពោលគឺខ្លឹមសារដែលដូចជាមានអ្នករៀបរៀងនិងនៅពីក្រោយខ្នងនេះ មើលទៅចង់បង្ហាញថា លោកសិទ្ធិ ឡោះ ជាមន្ត្រីសមត្ថកិច្ចសាធារណ:រូបនេះ អាក្រក់ជួរជាតិ មិនធ្វើការបម្រើពលរដ្ឋនិងទទួលខុសត្រូវចំពោះតួនាទីភារកិច្ចដែលរាជរដ្ឋាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ចប្រគល់ជូន ជាដើម។
ករណីនេះ លោកសិទ្ធិ ឡោះ បានបំភ្លឺថា: លោកបានរងគ្រោះធ្ងន់ធ្ងរដោយការបំភ្លៃ បំភ័ន្ត បំផ្លើស បង្ខូចក្នុងចេតនាទុច្ចរឹតបំផ្លាញកិត្តិយសទាំងក្នុងមុខងារសាធារណ: និងទាំងជីវិតបុគ្គលឯកជន។
ហើយក៏ប៉ះពាល់ រំខានដល់ស្មារតី ទឹកចិត្តនិងការប្តេជ្ញាប្រកបដោយការទទួលខុសត្រូវក្នុងការខិតខំបំពេញការងារជំនាញ ក៏ដូចជាការងារទាំងឡាយដែលជាជំនឿរបស់ពលរដ្ឋនិងមហាជន ។
លោកថា ទន្ទឹមនឹងលោកជាជនរងគ្រោះ ឥឡូវក៏ស្រាប់តែបែកធ្លាយថា ឈ្មោះអ្នកដើមបណ្តឹងប្តឹងលោក ក៏ជាជនរងគ្រោះផងដែរ ?
ចុះថាតើ ជាអ្នកណាជាជនបង្កនោះ ?

