ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សំកាំងខ្លួន ត្រៀមបម្រើពលរដ្ឋពីគ្រប់ទិសទី

ដោយ ៖ ភ្នំធំ / ក្រចេះ :
ស្ពានឆ្លងទន្លេមេគង្គតភ្ជាប់ខេត្តក្រចេះ និងខេត្តកំពងធំ មានប្រវែង១.៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ស្ពាននេះ បានសំកាំងខ្លួនលើអាកាស ឆ្លងកាត់ទន្លេ សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់ ។ កាលពីអំឡុងពេលភ្ជុំបិណ្ឌកន្លងមក រដ្ឋាភិបាលបានសម្រេចឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន។ បច្ចុប្បន្នក្រុមការងារជំនាញបច្ចេកទេស កំពុងមមាញឹករៀបចំស្ពានឆ្លងទន្លេមេគង្គមួយនេះ ឱ្យសម្រេចជាផ្លែផ្កា តាមផែនការកំណត់។

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានផ្លូវមេតភ្ជាប់មានប្រវែងសរុប ១៥,៤៩គីឡូម៉ែត្រ (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨គីឡូម៉ែត្រ និងត្រើយខាងលិចប្រវែង ៧,៨០គីឡូម៉ែត្រ) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០គីឡូម៉ែត្រ សម្រេចលទ្ធផល ៦៩,៩១ភាគរយ។

គួរបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេមេគ្គងនេះ ចាប់ផ្តើមការដ្ឋានសាងសង់នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។
ស្ពាននេះ ត្រូវបានសាងសង់ដោយប្រើប្រាស់ កម្ចីសម្បទានរបស់រដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់១១៤លានដុល្លារអាម៉េរិក រយៈពេលចំនួន៤២ខែ។ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនេះ គ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែមករា ឆ្នាំ២០២៦ខាងមុខ ៕

Leave a Reply

Your email address will not be published. Required fields are marked *