ដោយ : ភ្នំធំ / បាងកក-ថៃ:លោកអានុទីន ចាន់វីរាក់គុល( Anutin Charnvirakul ) នាថ្ងៃសៅរ៍ទី២៥ខែតុលាឆ្នាំ២០២៥ នេះ បាននិយាយថា រូបលោកនឹងធ្វើដំណើរទៅកាន់ ប្រទេសម៉ាឡេស៉ី នាព្រឹកថ្ងៃអាទិត្យស្អែកនេះ ដើម្បីចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលត្រូវបានគ្រោងធ្វើឡើង អំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងគូឡាឡាំពួ។
នេះបើតាមការចេញផ្សាយដោយសាព័ត៌មានថៃ Khaosod ក៏ដូចជាសារព័ត៌មានអន្តរជាតិនានា រួមទាំងរោយទូរ( Reuters) ផងនាថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥។
លោក Anutin បាននិយាយថា : លោកបានស្នើឱ្យពិធីចុះហត្ថលេខាធ្វើឡើងនៅវេលាព្រឹកថ្ងៃអាទិត្យដើម្បីអាចឱ្យលោកទៅចូលរួម រួចហើយវិលត្រឡប់មកកាន់ប្រទេសថៃវិញភ្លាមៗ ។
ពោលគឺលោកនាយករដ្ឋមន្រ្តីថៃ មិនបាននៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានទេ។
គួរបញ្ជាក់ថា : ដំបូងឡើយ លោក Anutin គ្រោងធ្វើដំណើរទៅម៉ាឡេស៉ីនាថ្ងៃសៅរ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន ប៉ុន្តែបានសម្រេចលុបចោលវិញ បន្ទាប់ពីមានដំណឹងនៃការយាងសោយទិវង្គតរបស់ព្រះមាតាព្រះមហាក្សត្រថៃ គឺព្រះមហាក្សត្រី សិរីគិត ជាហេតុនាំឱ្យមានការសង្ស័យថា រូបលោកអាចនឹងខកខានចូលរួមពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពថៃ-កម្ពុជា ៕
