រដ្ឋបាលស្រុកតាំងគោក ចុះពិនិត្យសង្វាក់ផលិតកម្មភ្ញាស់ពងទានៅឃុំទ្រៀល ផលិតបាន ២៥០,០០០-៣០០,០០០ គ្រាប់ក្នុងមួយថ្ងៃ

កំពង់ធំ៖ នៅថ្ងៃទី8ខែតុលា ឆ្នាំ២០២៥ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ រួមជាមួយសហការី បានចុះពិនិត្យសង្វាក់ផលិតកម្មភ្ញាស់ពងទានៅឃុំទ្រៀល ដែលជាតំបន់ផលិត និងចែកចាយពងទាដ៏សំខាន់មួយនៅក្នុងស្រុក។ តាមការប៉ាន់ប្រមាណ កន្លែងផលិតកម្មនៅឃុំនេះអាចផលិត និងចែកចាយពងទាបានចន្លោះពី ២៥០,០០០ ទៅ ៣០០,០០៦ គ្រាប់ក្នុងមួយថ្ងៃ ដោយ ៧០% ជាពងភ្ញាស់ និង ៣០% ជាពងសាប។ ពងទាទាំងនេះត្រូវបានចែកចាយទៅកាន់ទីផ្សារនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត។
យោងតាមមន្ត្រីជំនាញ ស្រុកតាំងគោកមានកន្លែងផលិតភ្ញាស់ពងទាជាង ៣០ កន្លែង ដោយឃុំទ្រៀលជាតំបន់ដែលមានចំនួនកន្លែងផលិតច្រើនជាងគេ។
ក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត បានលើកទឹកចិត្តប្រជាកសិករឱ្យបន្តយកចិត្តទុកដាក់លើអនាម័យនៅក្នុងទីតាំងផលិតកម្ម ដើម្បីកាត់បន្ថយក្លិនមិនល្អ និងធានាបរិស្ថានស្អាត។ លោកក៏បានជំរុញឱ្យពង្រីកសកម្មភាពចិញ្ចឹមទាបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារ និងលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ។
ជាមួយគ្នានេះ លោកអភិបាលស្រុកបានណែនាំឱ្យអាជ្ញាធរឃុំទ្រៀលបន្តតាមដាន និងសួរសុខទុក្ខប្រជាកសិករ ព្រមទាំងផ្តល់ដំណោះស្រាយភ្លាមៗចំពោះបញ្ហាដែលអាចកើតមាន ដើម្បីធានាដំណើរការផលិតកម្មប្រកបដោយភាពរលូន។

Leave a Reply

Your email address will not be published. Required fields are marked *