កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរាប់សិបគ្រួសារនៅ ភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានលើកឡើងពីទុក្ខកង្វល់ និងត្អូញត្អែរយ៉ាងខ្លាំងពី បញ្ហាដីហុយ ដែលបង្កឡើងដោយក្រុម ឡានដឹកដីជាច្រើនគ្រឿង ។ ឡានដឹកដីទាំងនោះបានបើកចេញពីចំណុច បន្ទាយកងពល K88 កាត់តាមផ្លូវក្នុងភូមិ បណ្ដាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅ សុខភាព និងជីវភាពរបស់ពួកគាត់ ខណៈដែលអាជ្ញាធរមូលដ្ឋានមិនទាន់មានដំណោះស្រាយឱ្យបានទាន់ពេល។
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបានរៀបរាប់ឱ្យដឹងថា រាល់ថ្ងៃពួកគាត់ពិបាករស់នៅជាខ្លាំង ដោយសារតែក្រុមឡានដឹកដីទាំងនោះបើកបរយ៉ាងគំហុកកាត់ផ្លូវក្នុងភូមិ បង្កឱ្យដីហុយខ្មួលខ្មាញ់ ប៉ុន្តែ មិនបានស្រោចទឹក ទាល់តែសោះ។ លើសពីនេះ សកម្មភាពដឹកជញ្ជូនដីធ្ងន់ៗនេះ ក៏បានធ្វើឱ្យផ្លូវក្នុងភូមិកាន់តែ ខូចខាតធ្ងន់ធ្ងរ មានគ្រហុកធំៗ ដែលបង្កការលំបាក និងគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ពលរដ្ឋទៀតផង។
បញ្ហាដីហុយ និងធូលីទាំងនេះ បានធ្វើឱ្យប៉ះពាល់ដល់ សុខភាព ប្រជាពលរដ្ឋស្ទើរគ្រប់គ្នា ជាពិសេសចាស់ជរា និងកុមារ ដោយបង្កឱ្យមានជំងឺដូចជា ថប់ដង្ហើម ផ្ដាសាយ ឈឺក្បាល និងរោគសួត ជាដើម។ ផលប៉ះពាល់នេះក៏បានធ្វើឱ្យប៉ះពាល់ដល់ ជីវភាពរស់នៅ ផងដែរ ព្រោះពលរដ្ឋហូបបាយមិនកើត និងពិបាកប្រកបមុខរបរផ្សេងៗ។
ប្រជាពលរដ្ឋទាំងអស់បានទទូច សូមសំណូមពរ ដល់អាជ្ញាធរជំនាញពាក់ព័ន្ធ ជាពិសេស ឯកឧត្តម អភិបាលខេត្ត មេត្តាជួយ អន្តរាគមន៍ ទប់ស្កាត់ និងបញ្ឈប់ រាល់សកម្មភាពដឹកដីដែលបង្កផលប៉ះពាល់ទាំងនោះជាបន្ទាន់ និងមានប្រសិទ្ធភាព។ ពួកគាត់ព្រួយបារម្ភថា បើគ្មានការដោះស្រាយទេ ផលប្រយោជន៍របស់បុគ្គលមួយចំនួនតូចនេះ នឹងបន្តធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះធ្ងន់ធ្ងរទាំងបញ្ហាសុខភាព ជីវភាព និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវសាធារណៈ។
ទាក់ទិននឹងករណីខាងលើនេះ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានបញ្ជាក់ថា លោកនឹង ចាត់ក្រុមការងារឱ្យចុះទៅពិនិត្យ ពីផលប៉ះពាល់នៅចំណុចភូមិ/ឃុំខាងលើនោះ ជាបន្ទាន់ ដើម្បីរកដំណោះស្រាយ។

