(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានឆ្លៀតឱកាសជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សម្នាក់ដែលទើបទទួលបាន និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងឆ្នាំ២០២៤-២០២៥។
សិស្សឆ្នើមរូបនេះគឺប្អូនស្រី ហ៊ុយ មួយហ្គេច អាយុ ១៧ ឆ្នាំ រស់នៅក្នុងភូមិ-សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានចូលរួមអបអរសាទរ និងកោតសរសើរយ៉ាងស្មោះចំពោះប្អូនស្រី ហ៊ុយ មួយហ្គេច ដែលបានខិតខំប្រឹងប្រែង តស៊ូព្យាយាម និងមានស្មារតីអំណត់អត់ធ្មត់ ជម្នះគ្រប់ឧបសគ្គក្នុងការសិក្សា រហូតទទួលបានលទ្ធផលល្អប្រសើរបំផុតគឺនិទ្ទេស A។
លោកស្នងការក៏បានផ្តាំផ្ញើថា នៅពេលប្អូនស្រីបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យ តាមឯកទេសណាមួយ សូមប្អូននៅតែបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីក្លាយខ្លួនជា ធនធានមនុស្សដ៏មានតម្លៃ និងជាទំពាំងស្នងឫស្សី បន្តវេនចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានផ្តល់រង្វាន់លើកទឹកចិត្តជាថវិកាមួយចំនួន ជូនដល់ប្អូនស្រី ហ៊ុយ មួយហ្គេច សម្រាប់រួមចំណែកដោះស្រាយការចំណាយក្នុងការបន្តការសិក្សាទៅមុខ។
លោក ហ៊ុយ អ៊ាន់ ត្រូវជាឪពុករបស់ប្អូនស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារ។ លោកក៏បានឧទ្ទិសពរជូនលោកស្នងការ លោក លោកស្រីស្នងការរង និងកងកម្លាំងនគរបាលទាំងអស់ សូមជួបប្រទះតែពុទ្ធពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច៕

